Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុត! អតីតឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួក ដែលរត់ពន្ធមនុស្សខុសច្បាប់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយចោទប្រកាន់៣បទល្មើស

24-04-2021 15:46

(ស្វាយរៀង)៖ អតីតឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួក៦នាក់ទៀត ត្រូវបានសាលាដំបូងខេត្ដស្វាយរៀង សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោយតំណាងអយ្យការអមសាលាដំបូងខេត្ត ចោទប្រកាន់ចំនួន៣បទល្មើស ពាក់ព័ន្ធការរត់ពន្ធមនុស្សដោយខុសច្បាប់ពីខេត្តស្វាយរៀង មករាជធានីភ្នំពេញ។

លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា អតីតឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់ ត្រូវបានចោទប្រកាន់ពីបទ៖

* ទី១៖ បុគ្គល ស៊ុំ ពៅ ត្រូវចោទប្រកាន់ពីបទជួញដូរមនុស្ស និងបក្ខពួកពី បទសមគំនិតលក់ដូរមនុស្សប្រព្រឹត្តនៅខេត្តស្វាយរៀង និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើជាបទល្មើស មានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៣, មាត្រា១៥ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

* ទី២៖ ផ្ដើមគំនិតក្នុងការប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈប្រព្រឹត្តនៅខេត្តស្វាយរៀង និងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើជាបទល្មើសមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៨ និងមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ។

* ទី៣៖ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ (ដោយប្រើប្រាស់រថយន្តម៉ាក Hummer ស្លាកលេខខេមរភូមិន្ទ ២-៩១៧០ និងរថយន្តម៉ាក Camry ស្លាកលេខ2N-4801 ពាក់ផ្លាកលេខក្លែងក្លាយ) ប្រព្រឹត្តនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើជាបទល្មើសមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧៩ នៃច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ការចាប់ខ្លួនយោធាផ្កាយពីរ និងបក្ខពួក បានធ្វើឡើងនៅវេលាម៉ោង៣៖០០នាទីទាបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលបំពានបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូល ឆ្លងពីរាជធានីភ្នំពេញ ទៅខេត្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចដើរល្បាតបានប្រទះឃើញរថយន្តសង្ស័យចំនួន៤គ្រឿង នៅខាងមុខសណ្ឋាគារ TTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនឡើងចូលក្នុងរថយន្ត ក៏ឃាត់សាកសួរទើបបែកធ្លាយរឿងរត់ពន្ធដឹកជនជាតិចិន ចេញពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង។

ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពាក់ព័ន្ធការរត់ពន្ធមនុស្ស។ ក្នុងព្រះរាជក្រឹត្យ បានត្រាស់បង្គាប់យ៉ាងដូច្នេះថា «មាត្រា១៖ ដកហូតឋានន្ដរស័ក្ដី នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទចំពោះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ»