(សៀមរាប)៖ អតីតនាយសង្កាត់រដ្ឋបាល ព្រៃឈើស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប លោក ថោង សុខៃ ដែលត្រូវបានតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគាររឿងគំរាមសម្លាប់ និងប្រើហិង្សាលើ អតីតប្រពន្ធរបស់ខ្លួននោះ បានជះសំដី និងគំរាមពីក្នុងគុកមកថា នៅពេលដែលខ្លួនបានចេញពីគុកវិញ នឹងតាមសងសឹក ហើយនឹងចាប់អតីតប្រពន្ធ និងកូនចូលគុកវិញម្តង។
ការប្រើពាក្យសម្តីគំរាមខាងលើនេះបានធ្វើឲ្យស្រ្តីរងគ្រោះ និងកូនៗ រស់នៅក្រោមបន្ទុក កាន់តែមានការភ័យខ្លាចខ្លាំងឡើង ហេតុដូច្នេះសូមអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នតុលាការជួយទប់ស្កាត់ និងជួយអន្តរាគមន៍ករណីនេះផង។
ស្រ្តីមេម៉ាយរស់នៅជាមួយកូនតូចៗ យស់ កល្ខ័ណា បានថ្លែងប្រាប់អង្គភាព Fresh News ថា ពាក្យសំដីនេះ ត្រូវបានអ្នកដែលយក នំចំណី និងបាយម្ហូបទៅឲ្យគាត់ហូបនៅក្នុងពន្ធនាគារ ហើយគាត់បានផ្តាំមកវិញយ៉ាងដូច្នេះ។
អ្នកស្រីបានបញ្ជាក់ថា «នៅពេលដែល គាត់ជាប់គុក ខ្ញុំនៅតែអាណិតរហូតឲ្យគេយកនំចំណី និងម្ហូបខ្លះផ្ញើតាមគេចូលយកទៅឲ្យគាត់ តែនៅពេលដឹងថា ជារបស់ខ្ញុំ គាត់មិនព្រមទទួលហើយថែមផ្តាំមកវិញថា នៅពេលនេះមេធាវី និងសាច់ញាតិ (ប្រពន្ធចុង) របស់គាត់ កំពុងរត់ការ ហើយនឹងចេញ ពីគុកនាពេលឆាប់ ពេលនោះ នឹងតាមសងសឹកហើយចាប់ខ្ញុំ និងកូនខ្ញុំដាក់គុកវិញ»។ ក្រោយទទួលបាន នូវសារគំរាមបែបនេះអ្នកស្រី បានមានការភ័យខ្លាចខ្លាំងណាស់ ជាពិសេសកូនស្រីរបស់អ្នកស្រីតែងតែសួរថាតើយើងត្រូវដោះស្រាយ បែបណាទៀត បើពេលចេញពីគុកមកវិញគាត់មកកាប់យើងនោះ ពីព្រោះផ្ទះរបស់អ្នកទាំង២ នៅជិតគ្នាទៀតផង។ សម្រាប់ករណីនេះ អ្នកស្រីមានតែសុំដល់ថ្នាក់ដឹកនាំជាពិសេសតុលាការកំពូល ជួយទប់ស្កាត់ និងដោះស្រាយករណីប្រកបដោយយុត្តិធម៌ផងដើម្បីឲ្យ ម្តាយនិងកូនៗរស់នៅ បានសេចក្តីសុខ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ លោក ថោង សុខៃ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ព័ន្ធការគំរាមសម្លាប់ និងប្រើហិង្សាទៅលើអតីតប្រពន្ធរបស់ខ្លួន។ ជនត្រូវចោទ ថោង សុខៃ ត្រូវបានកម្លាំង អាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថខេត្ត បន្ទាយមានជ័យ ចាប់ខ្លួននៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅខេត្តបន្ទាយមានជ័យ តាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ សាលាឧទ្ធរណ៍ក្រោមបទចោទប្រកាន់ «ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងបទគំរាមកំហែង ថានឹងសម្លាប់»។
មន្រ្តីសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា «ជននេះត្រូវបានឃុំខ្លួនដាក់ពន្ធនាគារហើយ រង់ចាំការបើកសាវនាការនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ខាងមុខ»។ យ៉ាងណាក៏ដោយ ជនរងគ្រោះស្រ្តីមេម៉ាយ អ្នកស្រី យស់ លក្ខ័ណា បានអំពាវនាវដល់តុលាការខេត្ត និងប្រធានអង្គជំនុំជម្រះ សូមមេត្តាកាត់ទោសយ៉ាងតឹងរឹងបំផុត ពីព្រោះនៅពេលនេះមានអ្នកអន្តរាគមន៍ដោះលែង តាមរយ:មេធាវី របស់ពួកគេ។ បើតាមអ្នកច្បាប់សម្រាប់ការប្រព្រឹត្តទោសខាងលើ ជននេះអាចប្រឈមការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំឯណោះ។
អ្នកស្រី យស់ កល្ខ័ណា រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានប្រាប់អង្គភាព Fresh News ថា អតីតប្តីរបស់ខ្លួន ឈ្មោះ ថោង សុខៃ អាយុ៥៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាអតីតនាយសង្កាត់រដ្ឋបាល ព្រៃឈើស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ក្រោយពីបានលែងលះគ្នារួចមក ជននេះបានវាយធ្វើបាប ជេរប្រមាថជាច្រើនលើក ជាច្រើនសារ ហើយពេលខ្លះ បានគំរាមសម្លាប់ទៀតផង។ ការប្រើអំពើហិង្សា នាពេលកន្លងទៅ បានធ្វើឲ្យអ្នកស្រី រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតចំភ្នែកមិនចង់ឃើញទៀតផង ហើយកុំតែពេលខ្លះ បានកូនស្រីជួយ និងរត់ទៅរកសមត្ថកិច្ចទាន់ កុំអីអាចស្លាប់ក៏ថាបាន។
អ្នកស្រី យស់ លក្ខ័ណា បានរៀបរាប់ថា ក្រោយពីប្រើ អំពើហិង្សា និងគំរាមសម្លាប់យ៉ាងដូច្នេះ ធ្វើឲ្យអ្នកស្រីមានការភ័យខ្លាច យ៉ាងខ្លាំង ទើបបានទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្ត សៀមរាប ដើម្បីឲ្យជួយអន្តរាគមន៍ ប៉ុន្តែពន្លឺយុត្តិធម៌ មិនបានអណ្តែតឡើង នោះឡើយ ពោលជនបង្កមិនត្រូវបានព្រះរាជអាជ្ញាខេត្ត ធ្វើការចោទប្រកាន់ និងឃុំខ្លួននោះទេ ទុកឲ្យមានសេរីភាពដដែល ហើយជននេះបានបន្តសកម្មភាព គំរាមកំហែងរហូតដោយសារ តែពន្លឺយុត្តិធម៌ នៅសាលាដំបូង ខេត្តសៀមរាម មិនបានលេចអណ្តែត ធ្វើឲ្យស្រ្តីមេម៉ាយរូបនេះ ខិតខំបន្តស្វែងរកអន្តរាគមន៍ មកតុលាការថ្នាក់ទី២ គឺសាលាឧទ្ធរណ៌។
ក្រោយក្តាប់សេចក្តី នៃដំណើររឿងរួចហើយ អគ្គព្រះរាជអាជ្ញា គឺលោក អ៊ុក សាវុធ បានធ្វើពាក្យបណ្តឹងជំទាស់ ការសម្រេចរបស់ សាលាដំបូងខេត្ត។ ក្រោយពីមានការជួយអន្តរាគមន៍ របស់លោក អ៊ុក សាវុធរួចមក ទើបនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានក្រុមប្រឹក្សាជំនុំជំរះ លោក ឃុន លាងម៉េង បានចេញដីកា បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ថោង សុខៃ ក្រោមបទ ចោទប្រកាន់ «ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងបទគំរាមកំហែង ថានឹងសម្លាប់»៕