(ភ្នំពេញ)៖ រូបភាពដែលបង្ហាញវត្តមានរបស់សត្វរមាំង (Rucervus eldii) យ៉ាងហោចណាស់ចំនួន៧ក្បាល ត្រូវបានបញ្ជូនមកពីដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ កាលពីម្សិលមិញ ដោយក្រុមអ្នកស្រាវជ្រាវសត្វព្រៃរបស់មន្ទីរបរិស្ថាន នៃក្រសួងបរិស្ថាន និងអង្គការ WWF។

រូបភាពដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះ ជាភស្តុតាង នៃការរស់រានរបស់សត្វដ៏សំខាន់មួយប្រភេទនេះ និងបានបង្ហាញថា ហ្វូងសត្វនេះកំពុងមានលទ្ធភាពបន្តពូជនៅក្នុងតំបន់ការពារ នៃដែនជម្រកសត្វព្រៃសំបូរ។ ជាក់ស្តែង ភស្តុតាងនៃការបន្តពូជនេះ បានស្តែងចេញយ៉ាងច្បាស់ តាមរយៈរូបភាពរាប់រយសន្លឹកដែលក្រុមអ្នកស្រាវជ្រាវសត្វព្រៃបានពិនិត្យយ៉ាងម៉ត់ចត់ និងបានកត់ត្រាទុកនូវវត្តមានរបស់៖ សត្វរមាំងពេញវ័យ មានញី និងឈ្មោល សរុបចំនួន៤ក្បាល សត្វវ័យជំទង់ មានញីនិងឈ្មោល ចំនួន ២ក្បាល ព្រមទាំងកូនសត្វរមាំងចំនួន ១ក្បាល។

ការតាមដានសត្វព្រៃដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិត្រូវបានអនុវត្តដោយអ្នកជំនាញស្រាវជ្រាវក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១នេះ និងដោយមានការចូលរួមផងដែរ ពីប្រជាជនមូលដ្ឋាននៃក្រុមល្បាតសហគមន៍ដែលរស់នៅក្បែរតំបន់នៃដែនជម្រក។ ក្រុមការងារបានពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតាមទីតាំងសំខាន់ៗចំនួន១១កន្លែង ដែលជាទីម្រករបស់សត្វរមាំងនៅក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០,០៩៣ហិកតា ហើយមានភូមិសាស្រ្តស្ថិតនៅតាមបណ្តាយដងទន្លេមេគង្គ។

កំណត់ត្រានៃសត្វរមាំងនាពេលនេះបានផ្តល់ជាព័ត៌មាន និងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដ៏សំខាន់បន្ថែមទៀតដល់កំណត់ត្រាដំបូងបង្អស់នៃសត្វនេះនៅក្នុងដែនជម្រកកាលពីឆ្នាំ២០២០ ដើម្បីរួមចំណែកគាំទ្រដល់ការរស់រានមានជីវិតតទៅអនាគតទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ សម្រាប់សត្វដែលជា ប្រភេទរងគ្រោះថ្នាក់ជិតផុតពូជមួយនេះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថានេះ គឺជាដំណឹងដ៏ល្អសម្រាប់ កម្ពុជាដែលប្រភេទសត្វរម៉ាំង នៅមានវត្តមានតាមតំបន់ការពារធម្មជាតិនានា។ វត្តមានសត្វព្រៃជាច្រើនក្នុងនោះ រួមទាំងប្រភេទសត្វកម្រនៅលើពិភពលោកត្រូវបានរកឃើញមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ យើងមានពេលវេលាគ្រប់គ្រាន់រួមនឹងធនធានដែលមានក្នុងការគិតគូរពីផែនការការពារនិងអភិរក្សធនធានធម្មជាតិ។

ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ប្រភេទសត្វមួយចំនួនរួមនឹងប្រភេទសត្វកម្រត្រូវបានការពារ និងអភិរក្ស ប្រភេទសត្វខ្លះមានចំនួនកើន និងប្រភេទសត្វខ្លះនៅមានចំនួនថេរ និងប្រភេទសត្វមួយចំនួនបន្តរងការគំរាមកំហែង។ ប៉ុន្តែជារួម យើងមានមោទនភាពដែលបានចូលរួមក្នុងការអភិរក្សថែរក្សាសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ។ បញ្ហាចម្បងដែលជាកត្តាគំរាមកំហែងលើសត្វព្រៃគឺអន្ទាក់ ការបរបាញ់ដោយកាំភ្លើងកែច្នៃ។

ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលនិយមពិសាសាច់សត្វព្រៃត្រូវបញ្ឈប់ជាបន្ទាន់ និងចូលរួមក្នុងការការពារ និងអភិរក្សសត្វព្រៃដោយនិយាយថាទេចំពោះសាច់សត្វព្រៃដើម្បីបញ្ឈប់ការបរបាញ់សត្វនិងសម្លាប់សត្វដោយអន្ទាក់។

លោក បានលើកឡើងថា កាលពីឆ្នាំ២០២០ កន្លងទៅអន្ទាក់ជិត៥ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ហើយសម្រាប់ រយៈពេល៣ ខែដើម ឆ្នាំ២០២១ អន្ទាក់ជាង១១,០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់៕