(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិនិត្យឱ្យបានម៉ត់ចត់ចំពោះសកម្មភាពនៅតាមផ្សារនានា ដោយត្រូវបិទផ្សារមួយចំនួនធំទៀតដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាន និងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួម ពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារមួយចំនួន ដូចជា ការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ការរៀបចំវិធានការលើការបិទផ្សារនានា និងការងាររៀបចំកន្លែងយកសំណាកពីអ្នកសង្ស័យកូវីដ-១៩ផងដែរ។
លោក ឃួង ស្រេង បានថ្លែងថា ចំពោះការងារនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវតែរៀបចំដោយការយកចិត្តទុកដាក់ និងម៉ត់ចត់ ពិសេសរក្សាគម្លាតសុវត្ថិភាពចំពោះប្រជាពលរដ្ឋមកចាក់។
លោក ឃួង ស្រេង បានបន្តទៀតថា «កន្លងមកនេះយើងបានឃើញហើយនៅតាមផ្សារនានា បងប្អូនប្រជាពលរដ្ឋ និងកម្មករកម្មការិនី ពេលពួកគាត់ទៅផ្សារហាក់មិនខ្លាចឆ្លងកូវីដ-១៩សោះឡើយ។ ទង្វើទាំងនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងនៅតាមផ្សារ នានានៅភ្នំពេញ បានកើនឡើងយ៉ាងលឿន គួរឱ្យព្រួយបារម្ភ។ ដោយឃើញពីបញ្ហាប្រឈមខ្លាំងនេះ រដ្ឋបាលរាជធានីរបស់យើងបានធ្វើការបិទផ្សារជាបន្តបន្ទាប់ ហើយជាម្រោងយើងនឹងបិទផ្សារមួយចំនួនធំទៀត ដើម្បីកាត់ផ្តាច់ឱ្យបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩»។
លោកបញ្ជាក់ផងដែរថា បើទោះជាមានការបិទផ្សារក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតែអាចទិញបន្លែ ត្រីសាច់ ម្ហូបអាហារបាន តាមរយៈ អនឡាញ តាមឡានលក់បន្លែត្រី សាច់ឬ តាមរឺម៉ក ជាដើម ដោយមិនឱ្យពួកគាត់លក់លើសពីតម្លៃទីផ្សារឡើយ ដោយអាជ្ញាធររបស់យើងជាអ្នកតាមដាននិងពិនិត្យទៅលើតម្លៃនេះ៕