Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរសម្រេចបិទផ្សារជនជាតិ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោយមានអ្នកឆ្លងជំងឺកូវីដ

23-04-2021 21:21

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារជនជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកបា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខណ្ឌច្បារអំពៅ បានសម្រេចផ្អាកទីតាំងផ្សារមួយនេះ ចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលទីតាំងផ្សារខាងលើ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូលផ្សារខាងលើ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងជំងឺកូវីដ១៩ សូមទៅពិនិត្យសំណាកនៅទីតាំងទល់មុខការដ្ឋានសាងសង់ផ្សារក្រុមហ៊ុន ប៉េង ហួត នៅខាងជើងផ្លូវលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ព្រមទាំងត្រូវធ្វើចត្ដាឡីស័កផងដែរ។

គួរជម្រាប ដោយសារជំងឺកូវីដ១៩ កាន់តែរីករាលដាលបានធ្វើឲ្យអាជ្ញាធរតាមបណ្ដាខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ សម្រេចបិទផ្សារតូច ធំជាបណ្ដោះអាសន្ន រហូតស្ថានភាពធូរស្រាលឡើងវិញ៕