(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់ប្រជាពលរដ្ឋ២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។
ក្រសួងសុខាភិបាល បានបង្ហាញអំពីការស្លាប់របស់ប្រជាពលរដ្ឋទាំង២នាក់នេះ ដូចខាងក្រោម៖
* ទី១៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ រស់នៅស្រុកគីរីវង្ស ខេត្តតាកែវ បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពក្អក ហត់ខ្លាំង រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែម ប្រចាំកាយ។
ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះបន្ទាន់គ្រប់មធ្យោបាយ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣៖១០នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ
ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ង និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។
* ទី២៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៥៦ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង បានរកឃើញ វិជ្ជមានកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង។
ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់ តាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៩៖៣០នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៥៦ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ
ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ង និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕
*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!
App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia