(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារអង្គ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចផ្អាកទីតាំងផ្សារមួយនេះ ចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលទីតាំងផ្សារខាងលើ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូលផ្សារខាងលើ នៅថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងជំងឺកូវីដ១៩ សូមទៅពិនិត្យសំណាកនៅសាលាបឋមសិក្សាសុភមង្គល នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ព្រមទាំងត្រូវធ្វើចត្ដាឡីស័កផងដែរ។

គួរជម្រាប ដោយសារជំងឺកូវីដ១៩ កាន់តែរីករាលដាលបានធ្វើឲ្យអាជ្ញាធរតាមបណ្ដាខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ សម្រេចបិទផ្សារតូច ធំជាបណ្ដោះអាសន្ន រហូតស្ថានភាពធូរស្រាលឡើងវិញ៕