Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចផ្អាកដំណើរការផ្សារ៣កន្លែងទៀត ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ ចេញចូលផ្សារ និងអំពាវនាវអ្នកពាក់ព័ន្ធទៅធ្វើតេស្តរកមេរោគ

23-04-2021 20:33

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្អាកដំណើរការផ្សារចំនួន៣កន្លែង មានផ្សារទួលសង្កែ ហៅផ្សារតូច, ផ្សារច្រាំងចំរេះទី២, និងផ្សារគីឡូម៉ែត្រលេខ៦ ហៅផ្សារឆេកូ បណ្ដោះអាសន្នរយះពេល១៤ថ្ងៃ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

ការសម្រេចរបស់លោក ជា ពិសី ក្នុងការផ្អាកដំណើរការមូលដ្ឋានផ្សាចំនួន៣កន្លែង បណ្ដោះអាសន្នរយះពេល១៤ថ្ងៃ បានអនុវត្តឡើង ក្រោយពីរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារមន្ត្រីសុខាភិបាល បានបន្តរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ ចេញចូលផ្សារទាំង៣ (ផ្សារទួលសង្កែ ហៅផ្សារតូច, ផ្សារច្រាំងចំរេះទី២, និងផ្សារគីឡូម៉ែត្រលេខ៦ ហៅផ្សារឆេកូ ) ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៌២០កុម្ភៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

លោក ជា ពិសី បានបញ្ជាទៅគណៈកម្មការផ្សារត្រូវតាមដានត្រួតពិនិត្យ និងជុំរុញឲ្យបង-ប្អូនអាជីវករ ដែលលក់ដូរក្នុងផ្សារ និងក្រៅផ្សារទាំងអស់ ត្រូវទៅយកសំណាកឲ្យបានគ្រប់ៗគ្នា ក្នុងករណីអាជីវករណាមិនបានទៅយកសំណាក ឫគ្មានឯកសារបញ្ជាក់ពីការយកសំណាក គឺមិនអនុញ្ញាត្យចូលក់ដូរវិញបានទេ នៅពេលបើកដំណើរការផ្សារឡើងវិញ។

ជាមួយគ្នានេះ លោក ជា ពិសី ក៏សូមអំពាវនាវដល់បង-ប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ដែលចេញចូលនៅក្នុងផ្សារទាំង៣ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ តាមដានសុខភាពរបស់ខ្លួន ដើម្បីឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល នៃការអនុវត្តវិធានការចត្តាឡីស័ក ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ ស្ថិតនៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕