(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៥នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២២៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៦៥៥នាក់ ក្នុងនោះមានម្នាក់ ជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ និងចំនួន ៦៥៤នាក់ផ្សេងទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ៥២២នាក់, ខេត្តកំពង់ចាម ៣នាក់, ខេត្តកំពង់ស្ពឺ ១នាក់, ខេត្តកែប ៣នាក់, ខេត្តមណ្ឌលគិរី ១នាក់, ខេត្តត្បូងឃ្មុំ ១នាក់, ខេត្តកណ្តាល ៥នាក់, ខេត្តតាកែវ ៥នាក់ និងខេត្តព្រះសីហនុ ១១៣នាក់។
សម្រាប់អ្នកជាសះស្បើយទាំង២២៤នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨ ៨៤៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៨៣០១នាក់, អ្នកជាសះស្បើយចំនួន ៣១៤៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥ ៦៣៣នាក់, អ្នកស្លាប់ចំនួន ៦១នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៦នាក់៕