(ភ្នំពេញ)៖ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ៦៥គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៥៤គ្រឿង និងរថយន្ត ១១គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែមេសា ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧៤,០៣៣គ្រឿង ក្នុងនោះមានម៉ូតូ ៥៤,១៣៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៩,៨៩៨គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តលើសល្បឿន អត់ខ្សែក្រវ៉ាត់ជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០១លើក ក្នុងនោះស្លាប់ ០១នាក់ របួស ០នាក់ (របួសធ្ងន់ ០នាក់)។ រយៈពេល ១១៣ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨៨៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ៥០១នាក់ របួស ១,២៥៦នាក់ (របួសធ្ងន់ ៧៣៧នាក់)៕