(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីជំងឺកំពុងកំរើកឡើងវិញខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ការបិទខ្ទប់នេះ ចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា។ ក្នុងកំលុងពេលបិទខ្ទប់នេះ រដ្ឋបាលខេត្តហាមឃាត់ការធ្វើដំណើរ និងការចេញពីលំនៅឋាន លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។ ការធ្វើអាជីវកម្មនានា ក៏ត្រូវបានហាមឃាត់ផងដែរ លើកលែងតែអាជីវកម្មចាំបាច់នឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាសេវាសុខាភិបាល និងការផ្គត់ផ្គង់ស្បៀងអាហារប៉ុណ្ណោះ។
ដើម្បីធានាបាននូវការអនុវត្តនេះឲ្យមានប្រសិទ្ធភាព កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានដាក់ប៉ារ៉ាសនៅតាមគោលដៅដែលត្រូវបានបិទខ្ទប់ទាំងអស់នោះផងដែរ។
សូមទស្សនារូបភាព ដែលបង្ហាញពីសកម្មភាពរបស់កម្លាំងនគរបាលខេត្តព្រះសីហនុ ដែលចូលរួមអនុវត្តនូវវិធានការនេះ៖