(ភ្នំពេញ)៖ តាមរយៈជើងយន្តហោះកម្ពុជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ទៅដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៉ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
តាមការគ្រោងទុកកិច្ចប្រជុំមេដឹកនាំអាស៊ាននេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ហើយក្រោយបញ្ចប់កិច្ចប្រជុំនោះ សម្តេចតេជោ និងគណៈប្រតិភូ នឹងហោះត្រឡប់មកវិញទាំងយប់តែម្តង។ ការទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៉ី។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៉ីនេះ គឺជាកិច្ចប្រជុំចាំបាច់មួយដែលខានមិនបាន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ដែរថា កិច្ចប្រជុំនេះ រំពឹងថានឹងពិភាក្សាផ្តោតការយកចិត្តទុកដាក់ ទៅលើប្រធានបទធំៗចំនួន៣ រួមមាន៖ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
ដោយឡែកសេចក្តីរាយការណ៍ព័ត៌មាននានា បានគូសបញ្ជាក់ថា កិច្ចប្រជុំមេដឹកនាំកំពូលរបស់អាស៊ាននាពេលនេះ នឹងពិភាក្សារកដំណោះស្រាយលើវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ដំណើរអញ្ជើញទៅប្រទេសឥណ្ឌូនេស៉ីនាពេលនេះ ដោយសារស្ថិតក្នុងកំលុងពេលនៃការរីករាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ និងគណៈប្រតិភូតម្រូវឱ្យអនុវត្តនូវវិធានការសុខាភិបាលជាច្រើន ដូចជាតម្រូវឱ្យយកសំណាកពិនិត្យជំងឺកូវីដ១៩ ចំនួន ២ដងមុនហោះចេញពីកម្ពុជា។ នៅពេលទៅដល់ប្រទេសឥណ្ឌូនេស៉ី នឹងត្រូវយកសំណាកបន្តទៀតពីមន្ត្រីសុខាភិបាលឥណ្ឌូនេស៉ី ដើម្បីប្រាកដថា សម្តេច និងគណៈប្រតិភូមិនមានមេរោគកូវីដ១៩។
សម្តេចតេជោ បានគូសបញ្ជាក់ថា នៅពេលសម្តេចអញ្ជើញត្រឡប់ពីកិច្ចប្រជុំវិញ សម្តេច និងគណៈប្រតិភូ នឹងបន្តយកសំណាក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្តង ដើម្បីសុវត្ថិភាព ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃផងដែរ។
ទាំងដំណើរអញ្ជើញទៅ និងត្រឡប់មកវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំមិនឱ្យមានការជូនដំណើរ ឬទទួលដំណើរពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩នេះ។
សូមជម្រាបថា នាពេលឡើងយន្តហោះពិសេសចេញពីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតបង្ហោះសារតាមរយៈ Facebook ថ្លែងអំណរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារកូវវីដ១៩ ដើម្បីថែរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
សម្តេចក៏បានអរគុណសប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងចូលរួមឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការជំនួយស្បៀងអាហារ។ សម្តេចថែមទាំងបានសំណូមពរប្រជាពលរដ្ឋ បន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៕