(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចារអនុញ្ញាតឱ្យមានការដកហូត លិខិតឆ្លងដែនមន្រ្តីរាជការ ពីមន្រ្តីនានាដែលបានបញ្ចប់បេសកកម្ម នៅក្រៅប្រទេស រក្សាទុកនៅក្រសួងការបរទេសកម្ពុជាវិញ។ នេះបើតាមលិខិតរបស់ រដ្ឋមន្រ្តីក្រសួងការបរទេស ផ្ញើទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
បន្ទាប់ពីទទួលបានចំណារនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យក្រសួងមហាផ្ទៃ ដកហូតលិខិតឆ្លងដែន មន្រ្តីរាជការ ពីមន្រ្តីដែលបានត្រឡប់ពីបំពេញ បេសកកម្មនៅក្រៅប្រទេស ដើម្បីឱ្យក្រសួងការបរទេសរក្សាទុក ហើយថានឹងប្រគល់ លិខិតឆ្លងដែនដល់ពួកគេវិញ នៅពេលដែលមានបេសកម្មថ្មីទៀត។ ចំណាត់ការរបស់ក្រសួងការបរទេសនេះនឹងត្រូវចាប់ផ្តើម អនុវត្តចាប់ពីថ្ងៃទី២១ខែ មីនា ឆ្នាំ២០១៦ខាងមុខនេះតទៅ។
នៅក្នុងលិខិតផ្លូការរបស់ក្រសួងការបរទេស ចុះថ្ងៃទី៤មីនាឆ្នាំ២០១៦ បានសរសេរថា «ជម្រាបជូនសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ យោងតាមចំណារឯកភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឲ្យមន្រ្តីអន្តោប្រវេសន៍ កម្ពុជានៅគ្រប់ច្រកទ្វារព្រំដែនកម្ពុជា ដកលិខិតឆ្លងដែន ផ្លូវការមន្រ្តីដែលចប់បេសកកម្មពីបរទេស ដោយបញ្ជូនមករក្សាទុកនៅក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិ ហើយក្រសួងការបរទេសនឹងប្រគល់ លិខិតឆ្លងដែនទាំងនោះ ទៅវិញនៅពេលមន្រ្តីនោះមានបេសកកម្មនៅបរទេសជាថ្មី»។
សូមបញ្ជាក់ថា នាថ្មីៗនេះ មានព្រះសង្ឃមួយអង្គគង់នៅប្រទេសកូរ៉េខាងត្បូង បានមានសង្ឃដីកាថា មានពលករខ្មែរមួយចំនួន បានលួចឆ្លងដែនទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយប្រើលិខិតឆ្លងជាមន្រ្តីរាជការ ដែលលួចចេញដោយមន្រ្តី នៅក្រសួងមហាផ្ទៃ និងក្រសួងកាបរទេស។ ក្រុមពលករទាំងនោះ ត្រូវបានប៉ូលីសកូរ៉េស្វែងរកឃើញ ព្រមទាំងឃុំ និងឃាត់ខ្លួនពួកគេផងដែរ៕