(ព្រះវិហារ)៖ ស្រ្តីម្នាក់រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលកើតជំងឺកូវីដ-១៩ និងសម្រាកព្យាបាលដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែក១៦ មករា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានជាសះស្បើយវិញហើយ និងត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ តែត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅផ្ទះបន្តទៀត។
បើតាមលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះថា «ស្ត្រីម្នាក់ដែលលទ្ធផលបញ្ជាក់ថា វិជ្ជមានកូវិដ-១៩ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយមន្ទីរពិសោធន៍ជាតិ (NIPH) នោះ នៅថ្ងៃនេះ មន្ទីរសុខាភិបាល បានទទួលលទ្ធផលតេស្តអវិជ្ជមានលើកទី២ របស់ស្រ្តីខាងលើ ដែលចេញដោយមន្ទីរពិសោធន៍ជាតិ (NIPH)។ ដូចនេះ បញ្ជាក់ថាស្រ្តីខាងលើបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ»
ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា «ទោះបីស្ត្រីរូបនេះ លទ្ធផលបញ្ជាក់ថាបានជាសះស្បើយពីជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែស្រ្តីរូបនេះត្រូវបន្តធ្វើចត្តាឡីស័កដោយស្ម័គ្រចិត្ត នៅផ្ទះរយៈចំនួន១៤ថ្ងៃបន្តទៀត ហើយនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័កនៅផ្ទះ ស្រ្តីរូបនោះត្រូវយកសំណាក់នៅច្រមុះ និងបំពងករម្តងទៀត បើលទ្ធផលអវិជ្ជមានទៀតនោះ គាត់អាចដើរហើរប្រកបរបររកសុីជួបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានហើយ»។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ត្រូវតែចូលរួមគោរព និងអនុវត្តន៍នូវបទបញ្ជា និងសេចក្តីសម្រេចនានា របស់រដ្ឋបាលខេត្តដែលបានដាក់ចេញកន្លងមក ក៏ដូចជាបន្តអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើង កុំឱ្យឆ្លងជំងឺកូវីដ-១៩៕