(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទ ក្រហមខណ្ឌមានជ័យជាស្បៀង គ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនបុរីទារក និងកុមារជាតិ ស្ថិតនៅផ្លូវឌួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកប្រធានអនុសាខា បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
ជាមួយគ្នានេះ លោកប្រធានអនុសាខា បានសំដែងនូវក្តីអាណិតអាសូរ ដល់ទារក និងកុមារ ចំនួន១៦០នាក់ ដែលកំពង់ខ្វះស្បៀងអាហារប្រចាំថ្ងៃ ហើយទីតាំងបុរីទារក និងកុមារជាតិនេះដែរ ក៏ស្ថិតនៅក្នុងតបន់ក្រហម ដែលមានហានិភ័យខ្ពស់។
យ៉ាងណាមិញ លោកប្រធានអនុសាខា សូមឲ្យអ្នកមើលថែទារក និងកុមារ នៅបុរីទារក និងកុមារជាតិនេះ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាព ថែរក្សាអនាម័យ ជាពិសេសត្រូវលាងសំអាតដៃ និងសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស់ ជាប្រចាំ ជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មកទារក និងកុមារ ដែលកំពង់រស់នៅបុរីទារក និងកុមារជាតិនេះ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖ អង្ករ ២០បាវស្មើនឹង៥០០គីឡូ, ទឹកសុទ្ធ២០កេស, ទឹកដោះគោ១កេស, ចាហួយ ហ្វាហ្វា១កេស, ត្រីខ១០យួរ, មី១២កេស, ទឹកត្រី៣០ដប, ម៉ាស់២០ប្រអប់ផងដែរ៕