(បន្ទាយមានជ័យ)៖ អាជ្ញាធរ និងសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានប្រមូលយកឱសថលាយសារធាតុញៀន ៤ប្រភេទមានចំនួន ១២,៨៦៣,០០០គ្រាប់ យកទៅដុតកម្ទេចចោល ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោយពីសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបនាពេលកន្លងទៅ។
លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានថ្លែងថា វត្ថុតាងគ្រឿងញៀន និងសារធាតុញៀន ដែលត្រូវបានដុតកម្ទេចមាន៤ប្រភេទរួម៖ ទី១-ឱសថម៉ាក Col Col Co ចំនួន៤៨កាតុង ស្មើ១២,៨៦៣,០០០គ្រាន់ ទី២-មីកូរ៉េចំនួន៣៩៨ប្រអប់ ទី៣-តែយឹនសិនចំនួន៥០ប្រអប់ និង៤-ការហ្វេរប្រអប់ចំនួន៥ប្រអប់។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយយោងតាមរបាយការណ៍នៅឆ្នាំ២០១៥ អយ្យការអមសាលាដំបូង ទទួល និងកំពុងចាត់ការសំណុំរឿងក្តី ព្រហ្មទណ្ឌមានចំនួន១,៣៨៤ករណី ១. សំណុំរឿងសល់ឆ្នាំ២០១៤ មានចំនួន៤៧០, ២. សំណុំរឿងចូលឆ្នាំ២០១៥ ចំនួន៩១៤, ៣. សំណុំរឿងចាត់ការរួច២០១៥ មានសរុបចំនួន៧៧៨ ក្នុងនោះមានបើកការស៊ើបសួរ៦៤៩ ជម្រេះផ្ទាល់១៩ បង្ហាញខ្លួនភ្លាម០៤ បណ្តឹងរឿងទុកឥតចាត់ការ៧៧បញ្ចូលរឿង២៩ និង៤. សំណុំរឿងកំពុងចាត់ការ ៦០៦។
លោក ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា នៅខេត្តបន្ទាយមានជ័យ ជាខេត្តដែលមានភាពស្មុគស្មាញច្រើន ចំពោះបញ្ហាបទល្មើសគ្រឿងញៀន ព្រោះជាខេត្តជាប់ជាយដែន ដែលនាំឆ្លងដែនចូលពីប្រទេសជិតខាង។
លោកបានលើកឡើងថា ជនល្មើសដែលរកស៊ីគ្រឿងញៀន មិនបានគិតពីសុខភាពប្រជាពលរដ្ឋឡើយ គឺគិតតែផលចំណេញប៉ុណ្ណោះ និងធ្វើឲ្យប៉ះពាល់សង្គម។ ខេត្តបន្ទាយមានជ័យ បញ្ហាបទល្មើសលួចនាំចូលថ្នាំពេទ្យក្លែងក្លាយ និងទំនិញក្លែងក្លាយ ខេត្តស្វាយរៀងនាំចូលផលិតផលក្លែងក្លាយ។
លោកបានដាសតឿន រំលឹកដល់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្ត ត្រូវខិតខំប្រឹងប្រែងបន្តទៀតបញ្ហាបទល្មើសគ្រឿងញៀន ឱសថក្លែងក្លាយ ផលិតផលក្លែងក្លាយត្រូវ លុបបំបាត់ឲ្យអស់ដើម្បីសុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋ និងប្រទេសជាតិមានសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំងៗឡើង៕