(កោះកុង)៖ មានករណីបង្កភាពភ្ញាក់ផ្អើលមួយក្រោយមានស្ត្រីអ្នកជំងឺម្នាក់ បានលួចរត់ចេញពីមន្ទីរពេទ្យបង្អែកខេត្តកោះកុង ខណៈស្ត្រីរូបនេះបានចូលព្យាបាលជំងឺរលាកសួតទាំងសង្ខាងបានរយៈពេល៣ថ្ងៃ ប៉ុន្តែត្រូវអាជ្ញាធរ និងក្រុមគ្រូពេទ្យរកឃើញ និងយកមកព្យាបាលជំងឺវិញ ព្រមទាំងបានសំណាកគាត់យកទៅតេស្តនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ ដើម្បីស្វែងជំងឺកូវីដ-១៩ ហើយបានដាក់ឱ្យធ្វើចក្តាឡីស័ក។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសិន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុង នៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១នេះថា ស្ត្រីអ្នកជំងឺសួតដែលលួចរត់នេះមានឈ្មោះ យ៉េន ហន អាយុ៥៥ឆ្នាំ មានទីលំនៅចំណុចផ្សារចាស់ ភូមិ២សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានមុខរបរជាស្រ្តីមេផ្ទះ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានឱ្យដឹងបន្ថែមថា «ស្រ្តីរូបនេះបានចូលសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តផ្នែកជំងឺទូទៅកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដោយសារគាត់មានអាការៈដោយសារពិបាកដកផ្នែកផ្លូវដង្ហើម ហើយក៏ស្ថិតក្រោមការកំពង់ព្យាបាលរបស់ក្រុមលោកគ្រូពេទ្យ ក្រោយពីធ្វើការព្យាបាលបានរយៈពេល២ ឬ៣ថ្ងៃស្រ្តីរូបនេះ បានលួចរត់ចេញពីមន្ទីរពេទ្យ ខណៈខ្លួនកំពុងសម្រាកព្យាបាល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បាត់ចេញពីបន្ទប់សម្រាកព្យាបាលទៅផ្ទះគាត់ដោយគ្មានការអនុញ្ញាតពីក្រុមលោកគ្រពេទ្យនោះទេ»

លោកវេជ្ជៈបណ្ឌិត បានបន្តថា ស្ត្រីរូបនេះបើតាមការស្រាវជ្រាវការពិនិត្យទៅសរីរាង្គកាយនូវអាការៈផ្លូវដង្ហើមឃើញថា គាត់មានប្រភេទជំងឺរលាកសួតទាំងសង្ខាង ដូច្នេះក្រុមលោកគ្រូពេទ្យឱ្យគាត់សម្រាក់ធ្វើការព្យាបាលផ្នែកជំងឺទូទៅ។

លោកវេជ្ជៈបណ្ឌិត បានបញ្ជាក់ថា៖ «ក្រោយពីដឹងថាស្រ្តីរូបនេះ បានលួចរត់ចេញពីមន្ទីរពេទ្យលោកបានរាយការណ៍ជូនអាជ្ញាធរខេត្ត ស្រុក មន្ទីរសុខាភិបាល ដើម្បីអន្តរាគមន៍ស្វែងរកស្រ្តីរូបនោះមកពីការព្យាបាលបន្ត ដោយមានការខិតខំប្រឹងប្រែងនៅវេលាម៉ោងវេលាម៉ោង១០ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានរកស្រ្តីរូបនោះឃើញនៅលំដ្ឋានរបស់គាត់ ហើយត្រូវសមត្ថកិច្ច និងមន្ត្រីមន្ទីរនាំគាត់មកធ្វើការព្យាបាលវិញ និងបានសំណាកគាត់ យកទៅតេស្តនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល ដើម្បីស្វែងរកមេរោគថាតើគាត់មានេមរោគជំងឺឆ្លងកូវីដដែរ ឬអត់....? តែពេលនេះក្រុមលោកគ្រូពេទ្យបានកំពុងដាក់គាត់ធ្វើចក្តាឡីស័កហើយ»

ជាមួយគ្នានេះដែរ លោកវេជ្ជៈបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតាមមូលដ្ឋាន បើមានលក្ខណៈសង្ស័យចំពោះសុខភាពខ្លួនឯង ឬក្នុងក្រុមគ្រួសារសុខភាពខុសពីប្រក្រតី សូមអញ្ជើញមកជួបក្រុមលោកគ្រូពេទ្យ ដើម្បីធ្វើការពិគ្រោះយោបល់ពិភាក្សាជួបក្រុមលោកពេទ្យចំពោះសុខភាព និងការណែនាំពីក្រុមលោកគ្រូពេទ្យជំនាញវិញ៕