(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរក្រុងតាខ្មៅ បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមសហការគោរពអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «៣កុំ និង៣ការពារ» ដើម្បីការពារជំងឺកូវីដ-១៩។

ការជំរុញបែបនេះ របស់លោកអភិបាលខេត្តកណ្តាល បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយដល់កម្លាំងចម្រុះកំពុងឈរជើងប្រចាំការនៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតាមគោលដៅដែលបានគ្រោងទុក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

ស្ថិតក្នុងឱកាសចុះសំណេះសំណាលនេះដែរ លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើរដល់កម្លាំងទាំងអស់ ត្រូវបន្តខិតខំអនុវត្តន៍វិធានការខ្ទប់ក្រុងតាខ្មៅឱ្យបានម៉ត់ចត់ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ-១៩នេះ។

លោកអភិបាលខេត្ត ក៏បានជំរុញក្រុមការងារដែលមានតួនាទីក្នុងការធ្វើរដ្ឋបាលភូមិ ដោយត្រូវពិនិត្យ គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ សំដៅជម្រុញពួកគាត់អនុវត្តឱ្យបាននូវសេចក្តីសម្រេចសេចក្តីពីការបិទខ្ទប់នេះ និងធ្វើការក្តាប់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ អំពីការលំបាកនានា ការដង្ហើយសុំជំនួយស្បៀងអាហារ ជាដើមក្រោយទទួលរងផលប៉ះពាល់ នៃព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»។

គួរជម្រាបថា អំណោយដែលបានប្រគល់ជូននៅតាមមណ្ឌលនីមួយៗ គឺក្នុងមួយមណ្ឌលទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស ម៉ាស២ប្រអប់ អាល់កុល ឬជែល ៥ដប និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕