(កណ្ដាល)៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសប្បុរសជននៅ ស្រុកកោះធំ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងវាយលុកប្រទេសកម្ពុជា។

លោក គីម រិទ្ធី បានកោតសរសើរចំពោះសប្បុរសជន ជីន យ៊ុន ដែលបានចូលរួមផ្ដល់ជាថវិកា និងសម្ភារជូនដល់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលស្រុកកោះធំ ក្នុងអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនេះជាកាយវិការមនុស្សធម៍ដ៍ល្អ ដែលបានយកចិត្តទុកដាក់ជួយដល់រដ្ឋបាលខេត្ត ដែលកំពុងប្រយុទ្ធប្រឆាំង ការរីកសាយភាយជំងឺកូវីដ១៩ ។

លោក គីម រិទ្ធី បន្តថា ការផ្ដល់នូវសម្ភារៈ និងថវិកានេះគឺជាការចូលរួមមួយដ៏សំខាន់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងបានជួយដល់ប្រជាពលរដ្ឋដែលរងផល ប៉ះពាល់ដោយជំងឺកូវីដ-១៩ ផងដែរ ។

គួរជម្រាបថា អំណោយប្រគល់ជូនរដ្ឋបាលខេត្តរួមមាន ទឹកអាល់កុលចំនួន១០០កាន ម៉ាស់ចំនួន ៥០,០០០ អាវពេទ្យចំនួន ១០កេស និងថវិកាចំនួន ១២០,០០០ដុល្លារ។

ថវិកាទាំងនេះគឺសម្រាប់ការកសាងមន្ទីរពេទ្យ ការផ្គត់ផ្គង់លើម្ហូបអាហារអ្នកធ្វើចត្តាឡីស័ក និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក្នុងស្រុកកោះធំ៕