(ភ្នំពេញ)៖ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា កំពុងទទួលនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ នោះ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាងនាំយកទេយ្យទានមួយចំនួនធំប្រគេនដល់ព្រះសង្ឃដែលគង់នៅគ្រប់វត្តចំនួន ១៤២វត្ត ក្នុងរាជធានីភ្នំពេញ ដោយថ្ងៃម្សិលមិញ បានប្រគេនបានចំនួន៤១វត្ត ខណៈថ្ងៃនេះត្រូវបានប្រគេនដល់ព្រះសង្ឃចំនួន ៤៦វត្តបន្តទៀត ហើយក្រុមការងារនឹងជំរុញប្រគេនឱ្យបានគ្រប់១៤២វត្ត ក្នុងរយៈពេលថ្ងៃស្អែក ១ថ្ងៃទៀត។

ក្នុងសកម្មភាពចុះប្រគេនទេយ្យទានដល់វត្តក្នុងទីក្រុងភ្នំពេញនេះ គឺបានចែកជា២ក្រុម ដោយក្រុមទី១៖ ដឹកនាំដោយលោក ឆារស៏ វ៉ាន់, លោក សៅ ភិរុណ និងលោកស្រី ស្បោង សំបូរ និងក្រមទី២៖ ដឹកនាំដោយលោក ជិន ប៊ុនធឿន ព្រមទាំងមានការចូលរួមពីកងអន្តរាគមន៍លេខ៩ ការពារគោលដៅទីស្ដីការនាយករដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងការដឹកជញ្ជូនអំណោយទេយ្យទានទាំងអស់នោះ ដើម្បីប្រគេនព្រះសង្ឃ។

ក្នុងពិធីប្រគល់អំណោយទេយ្យទាននេះផងដែរ តំណាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ប្រគេនដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញ ជាពិសេសអំឡុងពេលបិទខ្ទប់ដែលព្រះសង្ឃមិនអាចនិមន្តបិណ្យបាត្រចង្ហាន់បាន ដូច្នេះ ហើយទើបសម្ដេចទាំងទ្វេរ លោកបានគិតគូរអំពីទុក្ខការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់នៅតាមទីអារាមនានា ទូទាំងរាជធានីភ្នំពេញ។

នាឱកាសនោះដែរ តំណាងសម្តេចទាំងទ្វេរ ក៏បានទូលប្រគេនព្រះសង្ឃ ដើម្បីនាំនូវសារចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដេីម្បីការពារការចម្លងរីករាលដើរលេងជំងឺកូវីដ-១៩នេះ។

សម្រាប់អំណោយជាទេយ្យទាននៅថ្ងៃទី២នេះ គឺបានប្រគេនដល់វត្តចំនួន៤៦វត្ត ដោយក្នុង១វត្តៗទទួលបាន៖

ទី១៖ អង្ករចំនួន ១តោន មាន២០បេ( ក្នុង១បេ មាន ៥០គីឡូ)
ទី២៖ ត្រីខចំនួន ២កេស មាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង) ស្មើ២០០ កំប៉ុង ២៤៨កេស
ទី៣៖ មីជាតិចំនួន ២០កេស
ទី៤៖ ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស (ក្នុង ១កេស មាន២៤កំប៉ុង)
ទី៥៖ ទឹកដោះគោខាប់ចំនួន ២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)
ទី៦៖ កាហ្វេចំនួន ៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច) ៧១០កញ្ចប់ធំ
ទី៧៖ តែចំនួន ២គីឡូក្រាម ២៤៨គីឡូ
ទី៨៖ ស្ករសចំនួន ១បេ (មាន ២៥ គីឡូក្រាម)
ទី៩៖ អំបិលចំនួន ១បេ (មាន១០គីឡូក្រាម)
ទី១០៖ ទឹកត្រីចំនួន ៥យួរ (ក្នុង១យួរមាន៦ ដប)
ទី១១៖ ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)
និងទី១២៖ ប៊ីចេងចំនួន១បេ (មាន២៥គីឡូក្រាម)៕