(ភ្នំពេញ)៖ ក្នុងដំណាក់កាលប្រទេសកម្ពុជាកំពុងទទួលនូវការឆ្លង រីករាល ដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យតំណាងរបស់លោក នាំយកនូវអំណោយទេយ្យទានមួយចំនួនធំប្រគេនដល់ព្រះសង្ឃដែលគង់នៅគ្រប់វត្តចំនួន១៤២វត្តក្នុងរាជធានីភ្នំពេញ ដោយថ្ងៃដំបូនេះបានប្រគេនចំនួន៤១វត្តសិន ហើយក្រុមការងារនឹងជំរុញប្រគេនឱ្យបានគ្រប់១៤២វត្តក្នុងរយៈពេល២ឬ៣ថ្ងៃខាងមុខនេះ។

សកម្មភាពចុះប្រគេនអំណោយទេយ្យទានដល់វត្តក្នុងទីក្រុងភ្នំពេញនេះ គឺបានចែកជាពីរក្រុមដោយក្រុមទី១ដឹកនាំដោយលោក ឆារស៏ វ៉ាន់, លោក សៅ ភិរុណ និងលោកស្រី ស្បោង សំបូរ និងក្រមទី២ដឹកនាំដោយលោក ជិន ប៊ុនធឿន ព្រមទាំងមានការចូលរួមពីកងអន្តរាគមន៍លេខ៩ ការពារគោលដៅទីស្ដីការនាយករដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងការដឹកជញ្ជូនអំណោយទេយ្យទានទាំងអស់នោះដើម្បីប្រគេនព្រះសង្ឃ។

ក្នុងពិធីប្រគល់អំណោយទេយ្យទាននេះផងដែរ តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញ ជាពិសេសអំឡុងពេលបិទខ្ទប់ដែលព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន ដូច្នេះហើយទើបសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានគិតគូរអំពីទុក្ខ ការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាទូទាំងរាជធានីភ្នំពេញ។ លើសពីនេះ តំណាងសម្តេចទាំងទ្វេក៏បានទូលប្រគេនព្រះសង្ឃដើម្បីនាំនូវសារចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដេីម្បីការពារការចម្លងរីករាលដើរលេងជំងឺកូវីដ-១៩ នេះ។

សម្រាប់អំណោយជាទេយ្យទាននៅថ្ងៃដំបូងនេះ គឺបានប្រគេនដល់វត្តចំនួន៤១ វត្ត ដោយក្នុង១វត្តៗទទួលបានរួមមាន៖

១៖ អង្ករចំនួន១តោនមាន២០បេ(ក្នុង១បេមាន ៥០គីឡូ)
២៖ ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស
៣៖ មីជាតិចំនួន២០កេស
៤៖ ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥៖ ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)
៦៖ កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧១០កញ្ចប់ធំ
៧៖ តែចំនួន២គីឡូក្រាម២៤៨ គីឡូ
៨៖ ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម)
៩៖ អំបិលចំនួន១បេ(មាន១០គីឡូក្រាម)
១០៖ ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)
១១៖ ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)
១២៖ ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕