(ភ្នំពេញ)៖ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី  នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់ សិស្សនិស្សិតបរិញ្ញាបត្ររង និងវិញ្ញាបនបត្រវគ្គខ្លី ដល់វិទ្យាស្ថានអភិវឌ្ឍន៍ធនធាននិស្សិតជាង៦០០នាក់ នាវិទ្យាស្ថានជាតិអប់រំ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងជំរុញឲ្យប្អូនយុវជន យុវជនារី ដែលជាទំពាំងស្នងឬស្សី ឲ្យខិតខំប្រឹងប្រែងរៀនរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងប្រទេសជាតិផងដែរ។ ជាមួយគ្នានេះ លោកបញ្ជាក់ថា ប្រទេសជាតិពិតជាត្រូវការយុវជនដែលមាន សមត្ថភាពឆន្ទៈ និងទំនុកចិត្ត។ ដូច្នេះយុវជន ត្រូវមានមោទនភាពចំពោះខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

នៅចំពោះមុខសិស្សនិស្សិតជាច្រើនរយនាក់ លោក ហ៊ុន ម៉ានី ក៏បានថ្លែងបញ្ជាក់ទៀតថា «ប្អូនៗ ក្នួយៗ ប្អូនត្រូវរៀនដើម្បីចេះឲ្យពិតប្រាកដ មិនត្រូវរៀន ដើម្បីតែសញ្ញាបត្រនោះទេ។ នៅពេលមានបញ្ហា ប្រឈមណាមួយយើងត្រូវចេះសួរលោក គ្រូអ្នកគ្រូ ដើម្បីពង្រឹងសមត្ថភាពរបស់យើង ឲ្យមានគ្រឹះរឹងមាំ។ លើសពីនេះ ប្អូនៗយុវជនត្រូវបង្កើតឱកាសខ្លួនឯង កុំចាំបាច់រង់ចាំ ធ្វើយ៉ាងណាត្រូវ ខំតស៊ូព្យាយាមទើបយើង បានជោគជ័យក្នុងការសិក្សា នេះជាឱកាសគេផ្តល់ឱ្យយុវជនត្រូវហ៊ានធ្វើ និងសាកល្បង រៀនសព្វរៀនគ្រប់ ពីអ្នកដែលពូកែ នៅជុំវិញខ្លួនឯង ដើម្បីជោគជ័យ»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងពីការរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ ដែលនឹងត្រូវរៀបចំឡើងនៅសៀមរាប ដោយឆ្នាំនេះនឹងមានទស្សនីយភាពដ៏សម្បូរបែប មិនចាញ់ឆ្នាំមុននោះទេ។


លោក គា បូរ៉ាត នាយកវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត បានថ្លែងអំណរគុណលោក ហ៊ុន ម៉ានី ដែលតែងតែផ្តល់ឱកាស ចូលរួមក្នុងពិធីរបស់វិទ្យាស្ថាន ដើម្បីលើកទឹកចិត្តឲ្យសិស្សនិស្សិត ខិតខំប្រឹងប្រែងរៀនសូត្រ ហើយថែមទាំងជួយឧត្ថម្ភគាំទ្រ ដល់វិទ្យាស្ថានអភិវឌ្ឍន៍និស្សិតផងដែរ៕