(បន្ទាយមានជ័យ)៖ មេខ្យល់ចំនួន២នាក់ នាំពលករ៦នាក់បម្រុងឆ្លងដែនទៅធ្វើការងារនៅថៃ ត្រូវនគរបាលការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងយោធាប្រតិបត្តិការសិករងស្រុកម៉ាឡៃ បានឃាត់ខ្លួនពលករខ្មែរចំនួន៦នាក់ ស្រី២នាក់ មកពីខេត្តសៀមរាប១នាក់ និងខេត្តបន្ទាយមានជ័យ ចំនួន៥នាក់ មេខ្យល់ចំនួន២នាក់ រួមមាន៖
ទី១៖ ឈ្មោះឡំ រ៉េត អាយុ៣៣ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ
ទី២៖ ឈ្មោះ ងួន ពេក អាយុ៤៧ឆ្នាំ នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ទៀតថា តាមការបំភ្លឺរបស់ពលករទាំង៦នាក់, ពួកខ្លួនត្រូវបានអ្នកបើករថយន្តតាក់ស៊ី ពណ៌ទឹកប្រាក់ ដឹកមកទំលាក់នៅមុខវិហារចាម ស្ថិតក្នុងភូមិជ្រៃ ឃុំបឹងបេង បន្ទាប់មកមានមេខ្យល់ចំនួន២នាក់ បានជូនឆ្លងអូរដែនទៅថៃនៅចំណុចភូមិជ្រៃ ឃុំបឹងបេង ឆ្លងចូលទឹកដៃថៃបានប្រហែល២គ.ម ត្រូវទាហានថៃចាប់បញ្ជូនត្រឡប់មកវិញ។
ចំណែកឯចម្លើយសារភាពរបស់មេខ្យល់ទាំង២ បានឆ្លើយថា ខ្លួនគេទាំង២នាក់ ពិតជាបានជូនប្រជាពលករខ្មែរទាំង៦នាក់ ឆ្លងដែនចូលទៅដីថៃមែន ដោយយកម្នាក់តម្លៃចំនួន២០០បាត។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ហើយ។ ចំណែកពលករខ្មែរទាំង ៦នាក់ ស្រី២នាក់ នគរបាលស្រុកម៉ាឡៃ បញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កនៅស្រុកម៉ាឡៃគ្រប់ចំនួន១៤ ថ្ងៃទើបអាចឲ្យវិលត្រឡប់ទៅផ្ទះវិញបាន។
សូមបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មកទល់សព្វថ្ងៃនេះ សមត្ថកិច្ចបានបង្រ្កាបករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ បានសរុបចំនួន៣៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៥៥នាក់ ស្រី៧នាក់ រឹបអូសវត្ថុតាងបំរើឲ្យបទល្មើស ទូរស័ព្ទដៃចំនួន៤៤គ្រឿង ម៉ូតូ៨គ្រឿង និងរថយន្តចំនួន០៩គ្រឿង៕