(ស្ទឹងត្រែង)៖ ទីតាំងស្ដុកឈើប្រភេទលេខ១មួយកន្លែង នៅចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ចុះបង្ក្រាបនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ឈើប្រភេទលេខ១ ដែលកម្លាំងអាវុធហត្ថខេត្តបង្ក្រាបបាននេះ គ្មានលិខិតអនុញ្ញាត ហើយរដ្ឋបាលព្រៃឈើមិនទាន់នោះទេ ដោយកំពុងធ្វើការវាស់វែង និងសួរនាំម្ចាស់ទីតាំងខាងលើនេះ។
បើតាមសេចក្ដីរាយការណ៍ ម្ចាស់ទីតាំងសន្និធិឈើឈ្មោះ អៀង សារ៉ាត់ ហៅណាត អាយុ៤០ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ម្យ៉ាងទៀតម្ចាស់ទីតាំងរូបនេះ មិនគោរពវិធានរដ្ឋបាល ក្នុងផ្ទះបើកកន្លែងផឹកប៊ីយែរ លក់គ្រឿងក្លែម ហើយនិងប្រព្រឹត្តបទល្មើសប្រើប្រាស់រថយន្តម៉ាក ហ្វតរេនចឺ ( Ford Renger) ពណ៌ស ពាក់ស្លាកលេខអង្គការ OI -6794 ដើរផឹកស្រានៅតាមភូមិ។
តាមការសាកសួរឈ្មោះ អៀង សារ៉ាត់ បានសារភាពថា ខ្លួនទិញពីឈ្មោះ ឈន ណាត។ ដោយអនុវត្តតាមការណែនាំពីលោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានបញ្ជាឲ្យកម្លាំងអាវុធហត្ថឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាលើ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់៕