(សៀមរាប)៖ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរបើកដំបូលចំនួន៧គ្រួសារ នៅឃុំតាសៀម ស្រុកស្វាយលើ។

មានប្រសាសន៍នាឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកប្រធានគណៈកម្មាធិការសាខា បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនេះដែរ លោក គុជ លីណា ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។ ហើយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ ហេតុនេះក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធមម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានយកចិត្តទុក្ខជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ដោយក្រុមប្រតិបត្តិសាខាបានចុះអប់រំផ្សព្វផ្សាយជាហូរហែនៅក្នុងសហគមន៍។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែនរៀល៕