(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ជាប្រចាំ ចំពោះបញ្ហាស្រ្តី។
ក្នុងឱកាសអញ្ជើញជាអធិតីភាពក្នុងខួបលើកទី១០៥ ទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ «វិនិយោគលើសម ភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» នៅទីស្តីការក្រសួងសេដ្ឋកិច្ច នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ លោក វង សូត ការប្រារព្ធទិវាអន្តរជាតិនារី ធ្វើឡើងក្នុងគោលបំណងជំរុញ និង ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទាំងប្រុសស្រី ទទួលបានចំណេះដឹង ទាំងផ្នែកសេដ្ឋកិច្ច និង ជំនាញ ដើម្បីលើកកម្ពស់យេនឌ័រ កាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ និង យល់ដឹងពីតួនាទីរវាងបុរស និង ស្រី្ត ក្នុងការរៀបចំខ្លួនឲ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
លោក វង សូត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ជាប្រចាំចំពោះបញ្ហាស្រី្ត ដោយបានចាត់ទុក ស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និង សង្គមជាតិ ហើយបានចុះអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ ដែល ទទួលស្គាល់សិទ្ធិពិសេស ៦យ៉ាងរបស់ស្រ្តី រួមមាន ៖ ១. សិទ្ធិទទួលប្រាក់បំណាច់ស្មើនឹងបុរស ២. សិទ្ធិមានសមភាពខាងផ្លូវភេទ ៣. សិទ្ធិមានសមភាពរវាងប្តី-ប្រពន្ធ ៤. សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច ៥. សិទ្ធិទទួលការឈប់សម្រាកពេលសម្រាលកូន ៦. សិទ្ធិរួចផុតពីទោសប្រហារជិវិតក្នុងពេលមានគក៌។
លោករដ្ឋមន្រ្តី ក៏បានសំណូមពរដល់នារីៗទាំងអស់ ត្រូវចេះជួយខ្លួងឯង មានសាមគ្គីល្អសហការគ្នាបានល្អ ចេះអភិវឌ្ឍសមត្ថភាព របស់ខ្លួន និងស្វែងយល់បន្ថែមទៀត ដើម្បីឆ្លើយតបការវិវឌ្ឍ នៃសង្គម និងឆ្លើយតបទៅនឹងប្រធានបទអបអរសារទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១០៥ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព»។
សូមបញ្ជាក់ថា ក្នុងអាណត្តិទី៥នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមន្ត្រីរាជការស៊ីវិលជាស្ត្រីសរុបចំនួន ៣០៤ រូប ស្នើនឹង ២៣ភាគរយ នៃចំនួនមន្ត្រីរាជការសរុប។ ក្នុងនោះមានមន្ត្រីក្របខ័ណ្ឌចំនួន ១៩០រូប និងមន្ត្រីជាប់កិច្ចសន្យាចំនួន ១១៤រូប ដែលមានតួនាទីជារដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និង អនុប្រធាននាយកដ្ឋានមួយចំនួនទៀតផងដែរ។
លើសពីនេះទៀត ក្រសួងបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយ អង្គការជាតិ-អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីឧបត្ថ ម្ភគាំទ្រកម្មវិធី និងបង្កើតសមត្ថភាព តាមរយៈការអប់រំ និងមានការចូលរួមចំណែកស្មើគ្នា ដូចបុរស ក្នុងការអភិវឌ្ឍ និង ទទួលបាន ផលប្រយោជន៍ផ្សេងៗ ជាច្រើន៕