(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស នៅតាមខេត្ត ដែលមិនស្ថិតនៅក្នុងតំបន់បិទខ្ទប់ ឱ្យផ្លាស់ប្តូររបៀបប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ក្នុងការបើកប្រាក់ឈ្នួល ជូនបងប្អូនកម្មករនិយោជិត។

លោក ហេង សួរ បានអំពាវនាដូច្នេះធ្វើឡើងបន្ទាប់ពីមានរោងចក្រ សហគ្រាស នៅតាមបណ្តាខេត្តជាច្រើន បានស្នើសុំក្រសួងជួយសម្របសម្រួល និងអន្តរាគមន៍ ដើម្បីស្នើសុំលិខិតបញ្ជាបេសកកម្ម ពីច្រកចេញចូលតែមួយ នៅតាមខេត្តនានា សម្រាប់ប្រើប្រាស់ជាលិខិតបើកផ្លូវឡើង មកបើកសាច់ប្រាក់ពីធនាគារនៅភ្នំពេញ យកទៅបើកប្រាក់ឈ្នួល ជូនបងបប្អូនកម្មករនិយោជិតរបស់ខ្លួន។

លោក ហេង សួរ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលបិទខ្ទប់នេះ ម្ចាស់រោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត ត្រូវប្រើប្រាស់ប្រព័ន្ធធនាការ ដើម្បីផ្ទេរសាច់ប្រាក់ពីគណនីធនាគាររបស់ខ្លួន នៅរាជធានីភ្នំពេញ ទៅសាខាធនាគារណាមួយ ដែលមានទីតាំងនៅក្បែររោងចក្រ សហគ្រាសរបស់ខ្លួន ឬនៅទីរួមខេត្ត ដែលរោងចក្រ សហគ្រាសរបស់ខ្លួន មានអាសយដ្ឋាននៅ។ ការនាំគ្នាសម្រុក ស្នើសុំលិខិតបេសកកម្ម ពីច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តនានា ដើម្បីឡើងមកភ្នំពេញបើកសាច់ប្រាក់ និងដឹកសាច់ប្រាក់ពីភ្នំពេញ ទៅខេត្តវិញ មិនមែនជាជម្រើសដែលឆ្លាតវៃ និងសុវត្ថិភាពនោះទេ។

លោក ហេង សួរ ក៏បានសំណូមពរដល់បងប្អូនកម្មករនិយោជិត នៅតាមបណ្តាខេត្ត ដែលត្រូវបើកប្រាក់ឈ្នួល នៅចុងសប្តាហ៍នេះ សូមមេត្តាអត់ធ្មត់ រង់ចាំដល់ដើមសប្តាហ៍ក្រោយ ដើម្បីទុកពេលឱ្យរោងចក្រ សហគ្រាសនីមួយៗ ប្រើវិធីសាស្ត្រថ្មី ក្នុងការផ្ទេរសាច់ប្រាក់របស់ខ្លួន ទៅបើកជូនបងប្អូន។

លោក ហេង សួរ ក៏បានបញ្ជាក់ផងដែរថា ក្រសួងនឹងព្យាយាមសម្របសម្រួល ជាមួយគ្រប់ភាគីពាក់ព័ន្ធជំរុញគ្រប់រោងចក្រ សហគ្រាស ដែលមិនស្ថិតនៅក្នុងតំបន់បិទខ្ទប់ ឲ្យផ្លាស់ប្តូររបៀបប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន៕