Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ GDP ប្រទេស​កម្ពុជា បានកើនឡើង​៧ដង ពីឆ្នាំ១៩៩៣ ដល់២០១៥

07-03-2016 12:26

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងអំពីភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយអះអាងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា បានកើនឡើងចំនួន៧ដង ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១៥។

សម្តេចតេជោ បានអះអាងបែបនេះ ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦ ភាពជាដៃគូរវាងវិទ្យាស្ថានបណុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និង ធនាគារ ANZ Royal «ជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និង ក្នុងតំបន់ និង ឡូជីស្ទីក សម្រាប់ការតភ្ជាប់, កំណើន និង ការអភិវឌ្ឍ» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។
 
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាព យ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយសម្រេចបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរជាប្រចាំ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលវែង។ ក្នុងនោះផលទុនជាតិ ឬទំហំសេដ្ឋកិច្ច ដែលវាស់ដោយផលិតផលក្នុងស្រុកសរុប (ផសស) បានកើនឡើងពីប្រមាណ ២.៥០០លានដុល្លារ នៅឆ្នាំ១៩៩៣ ដល់ ប្រមាណ ១៨.៤០០លានដុល្លារ នៅឆ្នាំ២០១៥ ឬ បានកើនឡើងប្រមាណជាង៧ដង»។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា «ប្រការនេះ គូសបញ្ជាក់យ៉ាង ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង ជាប្រចាំរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ, យុទ្ធសាស្ត្រ, ប្រកបដោយបុរេសកម្ម និង កិច្ចខិតខំធ្វើការកែទម្រង់អភិបាលកិច្ច ក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដោយផ្អែកលើទិសដៅច្បាស់លាស់ និងអភិក្រមគ្រឹះជាមូលដ្ឋានដ៏ត្រឹមត្រូវ»៕