(ភ្នំពេញ)៖ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១១២គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៩២គ្រឿង និងរថយន្ត ២០គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែមេសា ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧៣,៩៦៨គ្រឿង ក្នុងនោះមានម៉ូតូ ៥៤,០៨១គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៩,៨៨៧គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តលើសល្បឿន អត់បណ្ណបើកបរ ល្មើសសញ្ញា អត់ខ្សែក្រវ៉ាត់ និងឆៀកជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៣លើក ក្នុងនោះស្លាប់ ០១នាក់ របួស ០៦នាក់ (របួសធ្ងន់ ០២នាក់)។ រយៈពេល ១១២ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨៨២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៥០០នាក់ របួស ១,២៥៦នាក់ (របួសធ្ងន់ ៧៣៧នាក់)៕