(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចុះណែនាំអាជ្ញាធរស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីពង្រឹងការការពារ និងកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។
ក្នុងអង្គប្រជុំនៅសាលាស្រុកស្រីសន្ធរនោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា ដោយសារតែមានករណីឆ្លងជំងឺកូវីដ១៩ លើប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរកន្លងទៅថ្មីៗ ដូច្នេះអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងកិច្ចការពារបន្ថែមទៀត ដូចជា ត្រូវណែនាំឱ្យប្រជាពលរដ្ឋពាក់ម៉ាសឲ្យបានគ្រប់គ្នា និងលាងសម្អាតដៃជាប្រចាំ ជាពិសេសក្រុមអាជីវករក្នុងផ្សារ ត្រូវតែវាស់កំដៅ ពាក់ម៉ាស លាងសម្អាតដៃជាមួយអាល់កុល ឬជែល ឲ្យបានខ្ជាប់ខ្ជួនផងដែរ។ ម្យ៉ាងទៀតចំពោះអ្នកនៅចូលទិញឥវ៉ាន់ក្នុងផ្សារ បើមិនមានពាក់ម៉ាសទេ គឺហាមមិនឲ្យចូលតែម្ដង។
អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលមានអាការសង្ស័យដាច់ខាត ត្រូវតែចូលទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យរដ្ឋ ហាមចូលទៅពិនិត្យព្យាបាល នៅគ្លីនិកឯកជន។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរមូលដ្ឋាន ត្រូវណែនាំដល់កន្លែងពិនិត្យព្យាបាលឯកជន មិនអនុញ្ញាតឲ្យទទួលព្យាបាលអ្នកជំងឺកូវីដ១៩នោះទេ។
ប្រសិនបើ មានការពិនិត្យ និងសង្ស័យមានជំងឺកូវីដ១៩ គ្លីនិកឯកជននោះ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋជាបន្ទាន់តែម្តង។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយឲ្យបានជាប្រចាំ អំពីវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមអាជីវករក្នុងផ្សារឲ្យពួកគាត់អនុវត្តនូវវិធានការការពារ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីកាត់ផ្ដាច់ខ្សែចម្លង ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួន។
ក្រោយការប្រជុំ អភិបាលខេត្តកំពង់ចាម រួមនឹងក្រុមការងារ បានអញ្ជើញចុះពិនិត្យ មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរផងដែរ នឹងបានផ្ដល់ការណែនាំមួយចំនួន ដល់ក្រុមគ្រូពេទ្យដែលមានវត្តមាននៅទីនោះ៕