(ប៉ៃលិន)៖ ដូចគេដឹងហើយថា ប៉ៃលិនជាខេត្តនៅជាប់នឹងព្រំដែនកម្ពុជា-ថៃ ស្ថិតនៅទិសពាយព្យ នៃប្រទេសកម្ពុជា ជាតំបន់ខ្ពង់រាប ត្រូវបានគេចាត់ទុកជាខេត្ត ដែលសំបូរទៅដោយធនធានរ៉ែធម្មជាតិច្រើនប្រភេទ ពិសេសខេត្តនេះ ត្រូវបានគេហៅឈ្មោះថា «ខេត្តត្បូងពេជ្រ»។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋ ឈ្មោះ ប៊ុនធឿន ភេទប្រុស និងឈ្មោះ ម៉ៅ រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា នៅរយៈពេលចុងក្រោយនេះ ការប្រកបមុខរបរអាជីវកម្មរ៉ែត្បូងតាមដង អូរ សម្រាប់ប្រជាពលរដ្ឋ មានការថយចុះ ដោយសារតែរ៉ែត្បូងកាន់តែក្រខ្សត់ មិនសំបូរដូចពីមុន ហើយដីភាគច្រើនជាកម្មសិទ្ធិឯកជន មិនអាចអនុញ្ញាតឱ្យជីកកកាយបាន។
តែពួកគាត់មួយចំនួន ដែលសម្រាកពីការងារស្រែចំការ និងអ្នកដែលគ្មានដីធ្លី នៅតែបន្តរុករកកំទេចរ៉ែត្បូងជារៀងរាល់ថ្ងៃ ដើម្បីលក់ឱ្យកុងសែ (ឈ្មួញ) ទិញយកទៅច្នៃ សម្រាប់ធ្វើជាគ្រឿងអលង្ការ លក់បន្តឱ្យភ្ញៀវទេសចរចេញចូលក្នុងខេត្តប៉ៃលិន។
ប្រភពបន្តទៀតថា ការប្រកបរបររែងដីរករ៉ែត្បូងមួយចំនួនធំ ត្រូវបានបោះបង់ចោលដោយផ្លាស់ប្តូរទៅរកការប្រកបមុខរបរធ្វើស្រែចំការជំនួសវិញ។ បច្ចុប្បន្ននេះ ពួកគាត់មានគ្នាតិចតូចបំផុត ដែលកំពុងធ្វើសកម្មភាពរែងត្បូង ដោយដៃនៅខេត្តប៉ៃលិន ដែលបញ្ហានោះហើយ នាំឱ្យតម្លៃទីផ្សារ ត្បូងប៉ៃលិនមានការឡើងខ្ពស់ជាងមុនបន្តិច។
ត្បូងដែលល្អជាងគេនៅក្នុងចំណោមត្បូងនានាទូទាំងប្រទេសកម្ពុជា គឺត្បូងខេត្តប៉ៃលិន ដែលមានពីរប្រភេទ គឺត្បូងទទឹម (ពណ៌ក្រហម) និងត្បូងកន្តៀង (ពណ៌ខៀវ) ដែលទទួលស្គាល់នៅលើពីភពលោកផងដែរ។ ទោះបីជាយ៉ា ងណា ឥឡូវនេះត្បូងមិនសំបូរដូចកាលពីមុននោះទេ។ ការរែងត្បូងរបស់ពួកគាត់ បានចំនួនតិចតួច បំផុត មានតែត្បូងតូចៗ ប៉ុណ្ណោះ។
ចំណែកថៅកែច្នៃត្បូងម្នាក់ ឈ្មោះ លឿង ចំណាន ហៅចយ បានរៀបរាប់ឱ្យដឹងដែរថា តម្លៃត្បូងខេត្តប៉ៃលិនបច្ចុប្បន្ន មានហាងឆេងខ្ពស់ជាងមុន ដោយសារត្បូងកាន់តែក្រខ្សត់ ដោយភាគច្រើនពួកគាត់ទិញបានពីអ្នករែងត្បូង នៅតាមដងស្ទឹង។ លោកបន្តទៀតថា ឥឡូវនេះ មានគ្រាប់ត្បូងតូចៗ ប៉ុណ្ណោះ តែបើសិនជាចង់បានគ្រាប់ត្បូងធំៗ ហើយភ្ញៀវកុម្មង់ទិញ គឺគាត់ទៅយកពីប្រទេសថៃមកវិញ ពីព្រោះជនជាតិថៃបានទិញ និង ចូលមកជីកកកាយរុករករ៉ែត្បូងពីប៉ៃលិនបានច្រើន កាលពីមុនសម័យសង្គ្រាម និង ក្រោយសមារណកម្មផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សុខ សួន ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តប៉ៃលិន បានឱ្យដឹងថា ការធ្វើអាជីវកម្មរ៉ែត្បូងមានការធ្លាក់ចុះ មានប្រជាពលរដ្ឋមួយចំនួនតូចនាំគ្នាប្រកបមុខរបរនេះ ដោយដៃជាលក្ខណ:គ្រួសារ។
លោកបន្តថា ការជីករករ៉ែត្បូងនៅខេត្តប៉ៃលិន មិនសូវមាននោះទេ ប៉ុន្តែ គេមិនទាន់វាយតម្លៃបានថា រ៉ែត្បូងនៅខេត្តប៉ៃលិន អស់ឬនៅច្រើននោះទេ ព្រោះវាជាធនធានធម្មជាតិនៅក្នុងដី និង អាចមាននៅក្នុងតំបន់ព្រៃភ្នំមួយចំនួន ព្រោះមិនទាន់មានក្រុមហ៊ុនណាមួយមកសិក្សាស្រាវជ្រាវនៅឡើយទេ៕