(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ជូនរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥។
កម្មវិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ តាមរយៈកម្មវិធី Zoom ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះ ក៏មានការចូលរួមពីតំណាងសាលារាជធានី-ខេត្ត ថ្នាក់ដឹកនាំ និង មន្រ្តីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងរតនាគាររាជធានី-ខេត្ត ព្រមទាំងសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS សរុបប្រមាណ ២០០រូប។
កម្មវិធី FMIS មានគោលដៅទទួលស្វាគមន៍នូវការចូលរួមអនុវត្តគម្រោង FMIS របស់រដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ សម្រាប់ក្របខណ្ឌគម្រោង FMIS ជំហានទី៣ ជាមួយការបញ្ជ្រាបការយល់ដឹងបឋមអំពីគម្រោង និងប្រព័ន្ធ FMIS ក៏ដូចជាការបើកផ្លូវសម្រាប់ការអនុវត្តសកម្មភាពនានាបន្តទៀត ដើម្បីត្រៀមខ្លួនប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០២២ ខាងមុខ សម្រាប់ការកត់ត្រា តាមដាន និង គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន។
ថ្លែងក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា ការពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយរដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥នេះ នឹងធ្វើឱ្យរដ្ឋបាលរាជធានី-ខេត្ត មានមូលដ្ឋានច្បាស់លាស់ក្នុងការរៀបចំនិងអនុវត្តថវិកាឱ្យកាន់តែសមស្របតាមកម្មវិធី និង គោលនយោបាយរបស់រាជរដ្ឋាភិបាល, កាន់តែបានលឿនជាងមុន, មានវិន័យ, មានមូលដ្ឋានច្បាស់លាស់, មានគណនេយ្យភាព និងតម្លាភាពចំពោះការអនុវត្តថវិកា និងចាយចំគោលដៅប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធ ដើម្បីសម្រេចគោលដៅចុងក្រោយ គឺការបម្រើនូវសេវាសាធារណៈប្រកបដោយគុណភាពខ្ពស់, បានតាមតម្រូវការ និងទាន់សភាពការជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា។
លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS នៅព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ រហូតដល់មានការអនុវត្តស្ទើរតែពេញទូទាំងប្រទេស បើគិតត្រឹមជំហានទី២ នៃការអនុវត្តគម្រោងដែលទើបបញ្ចប់ក្នុងឆ្នាំ២០២០កន្លងទៅនេះ។
ប្រព័ន្ធ FMIS នេះ ត្រូវបានវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រប់បណ្តាក្រសួង-ស្ថាប័នដែលបានចូលរួមអនុវត្ត រួមទាំងបណ្តាដៃគូអភិវឌ្ឍន៍នានា ចំពោះការបោះជំហានយ៉ាងលឿន ដែលក្លាយជាចលករដ៏សំខាន់មួយ ក្នុងការជំរុញឱ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា អាចឈានសម្រេចបានតាមគោលដៅតាមការគ្រោងទុក៕