(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ សំណង់អគារវេទិកាសាលាសំណាក់ ព្រមទាំងសមិទ្ធផលនានា ដែលកំពុងដំណើការសាងសង់ នៅតំបន់ X-១៦ ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំទីនេះជាតំបន់ប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន។

តំបន់ X-១៦ គឺជាតំបន់ប្រវត្តិសាស្រ្តរបស់មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឆ្ពោះទៅរកការរំដោះជាតិចេញភ្លើងសង្គ្រាម រហូតទទួលបានសន្ដិភាព។

តំបន់កោះថ្ម ចំណុចអាងដាច់ X16 ជាចំណុច នៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។

ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ។

សូមជម្រាបដែរថា ជាមួយនឹងការរៀបចំតំបន់ប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន នៅតំបន់ X-១៦ ឃុំកោះថ្មនេះ លោក ជាម ច័ន្ទសោភ័ណ បានផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីទស្សនកិច្ចសិក្សាដែលមានឈ្មោះថា «គុណធម៌ប្រវត្តិសាស្ត្រ» ជាទីតាំងដែលផ្តើមសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសផងដែរ។

បើតាម លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្មវិធី «គុណធម៌ប្រវត្តិសាស្ត្រ»នេះ ធ្វើឡើងដើម្បីឱ្យសិស្សានុសិស្សជាយុវជនជំនាន់ក្រោយ ជាសសរទ្រូងប្រទេសជាតិ បានយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតប្រាកដ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនទាំងអស់ ក្នុងដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិ ជាគុណតម្លៃនៃសន្តិភាព ចារជាប់ជាប្រវត្តិសាស្ត្រ ក្នុងបេះដូងកូនខ្មែរគ្រប់រូប គ្រប់ៗជំនាន់៕