(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសផ្អាកជាបណ្ដោះអាសន្ន ដល់សារណជនក្នុងការអញ្ជើញមកក្រសួងដោយផ្ទាល់ ដើម្បីដាក់ពាក្យស្នើសុំបង់កម្រៃសេវាចុះបញ្ជី និងការងារផ្សេងៗទាក់ទងនឹងការចុះបញ្ជីម៉ាក និងស្នើធ្វើកិច្ចការទាំងនេះតាមប្រព័ន្ធអនឡាញ ក្នុងអំឡុងពេលនៃការបិទខ្ទប់។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះបញ្ជាក់ថា «ដើម្បីធានានិរន្ដភាពនៃ ការផ្ដល់សេវាសាធារណៈ ក្រសួងពាណិជ្ជកម្មបានចាត់តាំងមន្រ្ដី តាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាលឲ្យប្រចាំការ ក្នុងការផ្ដល់សេវាពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាក។ ទន្ទឹមនេះ ដើម្បីចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងពាណិជ្ជកម្ម សូមផ្អាកជាបណ្ដោះអាសន្ន ការអញ្ជើញមកក្រសួងពាណិជ្ជកម្មដោយផ្ទាល់ ដើម្បីធ្វើការដាក់ពាក្យស្នើសុំបង់កម្រៃសេវាចុះបញ្ជី និងកិច្ចការផ្សេងៗទាក់ទងការចុះបញ្ជីម៉ាក ក្នុងអំឡុងពេលនៃវិធានការ បិទខ្ទប់ភូមិសាស្រ្ដរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល»។
សេចក្ដីជូនដំណឹងបញ្ជាក់ថា ដើម្បីជាការជំនួសមកវិញ ក្រសួងពាណិជ្ជកម្មសូមស្នើ ដល់ភ្នាក់ងារ និងអ្នកដាក់ពាក្យទាំងអស់ និងអ្នកដាក់ពាក្យ (រូបវន្ដបុគ្គល ឬនីតិបុគ្គល) ដែលដាក់ពាក្យស្នើសុំការបង់កម្រៃសេវាចុះបញ្ជី និងកិច្ចការផ្សេងៗ ទាក់ទងការចុះបញ្ជីម៉ា សូមធ្វើការស្នើសុំតាមប្រព័ន្ធអនឡាញ ក្នុងអំឡុងពេលដែលត្រូវបិទខ្ទប់៕
សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖