(ភ្នំពេញ)៖ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លោក អេង សោភា បានឲ្យដឹងនាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះថា បន្ទាប់ពីមានបទបញ្ជា ពីនាយឧត្ដមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលច្បាប់ពីលោក មាស ច័ន្ទពិសិដ្ឋ លោក សៀង សុខា  ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវរហូតបង្ក្រាប និងបង្ហាញ មុខក្រុមចោរ លួចរថយន្ត៤នាក់ ដែលតែងតែធ្វើសកម្មភាព នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃដដែលនេះ ក៏មានការបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការនិងកម្លាំងនៃអធិការដ្ឋាននគរបាល ទាំង៣ខណ្ឌរួមមាន នគរបាលខណ្ឌដូនពេញ នគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលខណ្ឌសែនសុខ បានប្រតិបត្តិការបន្ត ស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនបាននៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៦  ។

លោក ភី វិសាល នារងផ្នែកការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចាប់ខ្លួនពាក់ព័ន្ធ ករណីលួចរថយន្ដរួមមានទី១ ឈ្មោះ ប៉ែន ចាន់រិទ្ឋ ហៅញ៉ាញ់  អាយុ៣០ឆ្នាំ មានមុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទី ២ឈ្មោះអ៉ិត សុខសោម អាយុ២៧ឆ្នាំ មានមុខរបរជាងជួសជុលភ្លើង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ទី៣ឈ្មោះជា បូរ៉ា អាយុ២១ឆ្នាំ មានមុខរបរជាងជួសជុល រថយន្ដ ស្នាក់នៅយានដ្ឋានជួសជុលរថយន្ដ យីហោ ឥតសុខុន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៤ឈ្មោះនន់ វិចិត្រ អាយុ៣១ឆ្នាំ លក់និងទិញរថយន្ដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។រីឯជនរងគ្រោះឈ្មោះញឹម ឪវ៉ាត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៩ ក្រុម៣ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជាម្ចាស់រថយន្ដ Camry ឆ្លាម ពណ៍ទឹកមាស សេរីឆ្នាំ១៩៩៨  និងម្នាក់ទៀតដែលពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានឈ្មោះ ប្រាក់ វិច្ឆិកា ហៅវីត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៩ ផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ចំណែក ជនរងគ្រោះឈ្មោះមុនី ពេជ្រមនោរម្យ អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១២៣ ផ្លូវលេខ៨៧ BT  សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា ក្រោយពីបង្ហាញមុខជនត្រូវជាប់សង្ស័យអំពើលួច និងហិង្សាដោយចេតនាកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចប្រគល់រថយន្ដឲ្យជនរងគ្រោះដើម្បីយកទៅប្រើប្រាស់វិញផងដែរ។ដោយឡែក ជនត្រូវជាប់សង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានកសាង សំនុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងនោះបន្ត ទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាម និតិវិធីច្បាប់នាព្រឹកថ្ងៃទី០៧ ខែ មិនា ឆ្នាំ ២០១៦នេះ ព្រមទាំងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

 

Posted by Sheet on Sunday, March 6, 2016