(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសឱ្យអ្នកពាក់ព័ន្ធជាមួយ លោក ពាំង សាម៉ុន ដែលឆ្លងមេរោគកូវីដ១៩ ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន
លោក ពាំង សាម៉ុន អាយុ ៤៥ឆ្នាំ ជាមន្ត្រីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាល រកឃើញវិជ្ជមានកូវីដ–១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ខណៈដែលមន្ត្រីរូបនេះបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
ជុំវិញដំណឹងនេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃរដ្ឋសភា បានណែនាំឱ្យ មន្រ្តីដែលធ្លាប់ ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវទៅយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាល បានកំណត់ក្នុងនោះមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ ក្រោមវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវ ដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
«ចំពោះអ្នកពាក់ព័ន្ធប្រយោល សូមមេត្តាធ្វើចត្តា ឡីស័កនៅផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯងដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួង សុខាភិបាល។ ទន្ទឹមនឹងនេះ សូមអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និង វិធានការ "៣ការពារ និង ៣កុំ" របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងសេចក្តីប្រកាសរបស់ លោកអគ្គលេខាធិការរដ្ឋសភា៕