(កណ្ដាល)៖ បន្ទាប់ពីរកឃើញកម្មការនីម្នាក់ ដែលធ្វើការរោងចក្រកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានវិជ្ជមានជំងឺកូវីដ១៩នោះ អាជ្ញាធរក៏បានសហការគ្នាស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលប្រមាណជិត ២០០នាក់ ដោយបានយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កទាំងអស់គ្នា ខណៈអ្នកខ្លះធ្វើការ-រស់នៅស្រុកខ្សាច់កណ្ដាល ហើយអ្នកខ្លះទៀតរស់នៅស្រុកពារាំង ខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់កម្មការនីវិជ្ជមានជំងឺកូវីដ១៩នោះ។
លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា កម្មការនីរូបនេះមានឈ្មោះ ឌឿន ចន្ធា អាយុ២២ឆ្នាំ ធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ Starlight apparel manufacturing co.,ltd។ កាលពីថ្ងៃទី១៣ ខែមេសា រូបគេបានទៅលេងស្រុកកំណើតនៅឯភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ហើយត្រលប់មកវិញនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
ពេលកម្មការនី ឌឿន ចន្ធា ចូលមកធ្វើការវិញ បុគ្គលិកសន្តិសុខក្នុងរោងចក្រខាងលើនេះក៏បានវាស់កម្ដៅលើខ្លួនកម្មការនីរូបនេះ ហើយក៏ឃើញកម្ដៅឡើងដល់ ៣៨អង្សាសេ។ ដោយមើលទៅឃើញអាការៈដូចមិនសូវស្រួលខ្លួន សន្តិសុខដដែលនោះក៏មិនទាន់អនុញ្ញាតឲ្យចូលធ្វើការទេ គឺត្រូវរង់ចាំនៅខាងក្រៅសិន។ ភ្លាមនោះ ខាងរដ្ឋបាលក្នុងរោងចក្រក៏បានទាក់ទងមកអាជ្ញាធរឲ្យបានដឹងឮ រីឯកម្មការនី ឌឿន ចន្ធា ក៏បានត្រលប់ទៅស្រុកវិញបាត់ទៅ។
លោក ប៊ុន ផេង បានបន្តថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម អាជ្ញាធរស្រុកខ្សាច់កណ្ដាលបានទាក់ទងទៅអាជ្ញាធរស្រុកពារាំង ខេត្តព្រៃវែង ដើម្បីសហការគ្នាលើការគ្រប់គ្រងដំណើររបស់កម្មការនី ឌឿន ចន្ធា និងអ្នកពាក់ព័ន្ធទាំងឡាយ ដើម្បីចាត់វិធានការសុខាភិបាល និងយកសំណាកទៅពិនិត្យជាបន្ទាន់។ ជាលទ្ធផល កម្មការនីរូបនេះពិតជាមានករណីវិជ្ជមានកូវីដ១៩ ពិតមែន ហើយត្រូវដាក់ឲ្យសម្រាកព្យាបាលនៅឯខេត្តព្រៃវែង។
ជាមួយគ្នានោះ អាជ្ញាធរស្រុកខ្សាច់កណ្ដាល ក៏បានរកឃើញក្រុមកម្មការនីរោងចក្រកាត់ដេរ Starlight apparel manufacturing co.,ltd នៅតំបន់សេដ្ឋកិច្ចពិសេស 7NG រាប់តាំងពីអ្នកជិះឡានជាមួយគ្នា សរុបចំនួន ៨៨នាក់ ដែលបានពាក់ព័ន្ធនឹងកម្មការនី ឌឿន ចន្ធា ខាងលើនោះ ហើយពេលនេះត្រូវបានយកសំណាករួចរាល់ និងដាក់ឲ្យធ្វើចត្តាឡីស័កទាំងអស់គ្នា។
ចំណែកលោក ហ៉ី ធួក អភិបាលស្រុកពារាំង បានថ្លែងឱ្យដឹងថា អាជ្ញាធរស្រុកពារាំងបានរកឃើញថា អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលកម្មការនី ឌឿន ចន្ធា សរុប ៩៣នាក់ ក្នុងនោះកម្មករកាត់ដេរ ៦៣នាក់ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមសាលារៀននៃស្រុកពារាំង និងពលរដ្ឋ ៣០នាក់ទៀត កំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដែលមានការយាមកាមដោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន។
ដោយឡែក លោកអភិបាលស្រុកខ្សាច់កណ្ដាលក៏នៅតែបន្តទទូចអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ឲ្យបានខ្ចាប់ខ្ចួន ដើម្បីរួមគ្នាកម្ចាត់មេរោគកូវីដ១៩ ឲ្យអស់ពីប្រទេសកម្ពុជា។
គួរជម្រាបថា លោកអភិបាលស្រុកខ្សាច់កណ្ដាលរូបនេះ ត្រូវបានគេកត់សម្គាល់ឃើញថា បានដឹកនាំក្រុមការងារយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃដល់សាធារណជនឲ្យបានជ្រាប ពិសេសគឺវិធាន «៣ការពារ និង ៣កុំ» បានយ៉ាងខ្ជាប់ខ្ជួន ហើយក៏ទទួលបានការសាទរពីប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្ដាលផងដែរ៕