(តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ១៩ចំនួន៤នាក់បន្ថែមទៀត ក្រោយរកឃើញនៅស្រុកបាទី ហើយពួកគេទាំង៤នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុកបាទីរួចហើយ។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវលោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមេសាថា មន្រ្តីសុខាភិបាលបានធ្វើតេស្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន៤នាក់បន្តទៀតនៅក្នុងស្រុកបាទី។
លោកប្រធានមន្ទីរបានថ្លែងបន្តថា អ្នកផ្ទុកជំងឺកូវីដ៤នាក់ គឺត្រូវរកឃើញនៅក្នុងឃុំ៤របស់ស្រុកបាទី រួមមាន៖ ឃុំក្រាំងធ្នង់ ដែលអាជ្ញាធរបានបិទខ្ទប់ភូមិមួយកាលពីម្សិលមិញ ឃុំកណ្ដឹង ឃុំពត់ស និងឃុំត្រពាំងសាប។
លោក ភួន ឈីម អភិបាលស្រុកបាទី ក៏បានថ្លែងថា អ្នកជំងឺកឺកូវីដ១៩ទាំង៤នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធផ្ទាល់ត្រូវយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ហើយអាជ្ញាធក៏បានណែនាំពួកគាត់ឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់មន្រ្តីសុខាភិបាលផងដែរ។
ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន០៤នាក់រួមមាន៖
ទី១៖ ឈ្មោះ កែវ ប៊ុនណា អាយុ៥៨ឆ្នាំ រស់នៅភូមិហនុមាណជើង ឃុំក្រាំងធ្នង់ ស្រុកបាទី
ទី២៖ ឈ្មោះ ឌួង រ៉ាន់ អាយុ៤២ឆ្នាំ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី
ទី៣៖ ឈ្មោះ សរ សារ៉េត អាយុ៤២ឆ្នាំ រស់នៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី
ទី៤៖ ឈ្មោះ ឆិល នឿន អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី។
បើតាមរបាយការណ៍ អ្នកជំងឺទាំង៤នាក់ខាងលើ ជាអ្នកប៉ះពាល់ដោយប្រយោលជាមួយឈ្មោះ ខាត់ អ៊ីរ៉ាក់ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ដែលរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
បច្ចុប្បន្នអាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយ បុគ្គលទាំង០៤នាក់ខាងលើបន្ថែមទៀត៕