(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានចេញសេចក្ដីជូនដំណឹងផ្អាកបណ្ដោះអាសន្នការចរាចរណ៍ចេញ-ចូល ក្នុងភូមិសាស្ដ្រឃុំពោធិ៍ទី ស្រុកស៉ីធរកណ្ដាល ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្ដបន្ទាប់។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
ការបិទចរាចរណ៍ចេញចូល នៅក្នុងភូមិសាស្ដ្រឃុំពោធិ៍ទី ស្រុកស៉ីធរកណ្ដាលនេះមាន៣គោលដៅ រួមមាន៖
* គោលដៅទី១៖ ចំណុចផ្លូវក្រាលកៅស៊ូលេខ៣៨៥ ព្រំប្រទល់រវាងឃុំពោធិ៍ទី ស្រុកស៉ីធរកណ្ដាល និងឃុំព្រៃព្នៅ ស្រុកពារាំង
* គោលដៅទី២៖ ចំណុចច្រមុះជ្រូក ព្រំប្រទល់រវាងឃុំពោធិ៍ទី និងឃុំព្រៃទឹង ស្រុកស៉ីធរកណ្ដាល
* គោលដៅទី៣៖ ចំណុចចុងភូមិពោធិ៍ទី ឃុំពោធិ៍ទី និងឃុំឫស្សីសាញ់ ស្រុកស៉ីធរកណ្ដាល។
ចំពោះការផ្អាកចរាចរណ៍ចេញចូលបណ្ដោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយពីស្ថានភាពរីករាលដាលជំងឺកូវីដ១៩ មានសភាពធូរស្រាល រដ្ឋបាលខេត្ត នឹងជូនដំណឹងនៅពេលក្រោយ៕