(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងអំពាវនាវដល់អាជីវករផ្សារលើ និងអ្នកពាក់ព័ន្ធដែលពិនិត្យសំណាករួចរាល់ សូមធ្វើចត្ដាឡីស័កឲ្យបានត្រឹមត្រូវតាមការកំណត់ មិនត្រូវដើររហេតរហូតនោះទេ ដើម្បីជៀសវាងការចម្លងជំងឺនេះទៅកាន់អ្នកដទៃ។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដល់អាជីវករទាំងអស់ និងក្រុមគ្រួសារ ត្រូវតែអនុវត្តការធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។ ក្នុងករណីរកឃើញថា មានបុគ្គលណាដែលបានផ្តល់វត្ថុសំណាករួចហើយ នៅតែមិនអនុវត្តតាមការណែនាំ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការតាមច្បាប់ជាធរមាន។
បន្ថែមលើនោះសូមប្រជាពលរដ្ឋ និងសាធារណជនរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមានសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទ 012 882 072 ឬ 012919 98 ប្រសិនបើឃើញមានបងប្អូនអាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារដែលបានផ្តល់វត្ថុសំណាករួចហើយ នៅតែបន្តចេញដើរទៅខាងក្រៅលំនៅឋាន រហេតរហូត ដោយមិនគោរពតាមបទបញ្ជា នៃការធ្វើចត្តាឡីស័ក។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១មក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបងប្អូនជាអាជីវករផ្សារលើ និងអ្នកពាក់ព័ន្ធដើម្បីវិភាគរកមេរោគកូវីដ-១៩។ តាមលទ្ធផលជាបន្តបន្ទាប់បានបញ្ជាក់ថា មានការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងគំហុកនៅក្នុងចំណោមបងប្អូនជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវឲ្យបងប្អូនអាជីវករ និងក្រុមគ្រួសារដែលបានផ្តល់វត្ថុសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង រយៈពេល១៤ថ្ងៃ តាមការណែនាំរហូតដល់មានលទ្ធផលពីមន្ទីរសុខាភិបាលខេត្តបញ្ជាក់ថា អវិជ្ជមានមេរោគកូវីដ-១៩ ជាលើកទី២ ទើបអនុញ្ញាតឲ្យចេញក្រៅលំនៅឋានបាន។
មកដល់ពេលនេះ មានបងប្អូនអាជីវករ និងក្រុមគ្រួសារភាគច្រើនបានអនុវត្តតាមការណែនាំហើយ ក៏ប៉ុន្តែនៅមានអាជីវករ និងក្រុមគ្រួសារមួយចំនួនទៀត មិនបានអនុវត្តតាមការណែនាំនៅឡើយ ដោយនៅតែបន្តចេញទៅខាងក្រៅលំនៅឋានរហេតរហូត នាំឲ្យការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ មានការលំបាកកាន់តែខ្លាំង ដែលស្ថានភាពនេះតម្រូវឲ្យរដ្ឋបាលខេត្ត បន្តវិធានការបិទការលក់ដូរនៅផ្សារលើបន្ថែមទៀត និងអាចឈានដល់ការបិទខ្ទប់ក្រុងព្រះសីហនុទាំងមូល៕