(បាត់ដំបង)៖ តា យាយ២នាក់ ប្តីប្រពន្ធជាទុគ៌តជន រស់នៅភូមិតាខោឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រំភើបរីករាយឥតឧបមារក្រោយពេលទទួលបានផ្ទះថ្មថ្មីមួយខ្នង ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។

ក្នុងពិធីប្រគល់ ទទួលផ្ទះមួយខ្នងនេះ បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ដោយមានក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ លោក ងួន រតនៈ អនុប្រធានកិត្តិយសសាខាកាកបាទក្រហកម្ពុជាខេត្ត។

ក្នុងឱកាសនោះ លោក ងួន រតនៈ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគ្រួសារលោក អ៊ំ ហិត អាយុ៥៨ឆ្នាំ ពិការភ្នែកទាំង២ ជាអតីតនិវត្តន៍ជន និងភរិយាឈ្មោះ ហ៊ើយ រស់ អាយុ៧៤ឆ្នាំ មានជំងឺប្រចាំកាយ មានជីវភាពខ្វះខាតរស់នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក ងួន រតនៈ ក៏បានផ្ដាំផ្ញើឲ្យពួកគាត់ ត្រូវយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឲ្យបានល្អ មានអនាម័យស្អាត ក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ច ដើម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល «រស់នៅធម្មតា តាមបែបគន្លងថ្មី» ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ និងសូមថែទាំផ្ទះថ្មីនេះឲ្យបានល្អ ជាទ្រព្យសម្បត្តិតរៀងទៅ។

សូមបញ្ជាក់ថា ផ្ទះខាងលើខ្នងនេះមានទំហំ ៥ម៉ែត្រ គុណ៧ម៉ែត្រ តសំយាបក្រោយទំហំ ១.៨០ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីដែក សរសរបេតុង ប្រក់ស័ង្កសី និងជញ្ជាំងស្មាតបតសាងសង់ដោយក្រុមការងារ នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង។

ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់ជូនអំណោយរួមមាន៖ អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធ១០កេស, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា អាវយឺត), សាប៊ូ៨ដុំ, ម៉ាស់២ប្រអប់, ប៉ាវអ៊ី១ សម្ភារៈផ្ទះបាយមួយចំនួន ក្នុងនោះលោក ងួន រតនៈ បានឧបត្ថម្ភថវិកាបន្ថែមចំនួន៣០ម៉ឺនរៀលផងដែរ៕