(ភ្នំពេញ)៖ រូបភាពជាច្រើនសន្លឹក ដែលត្រូវបានថតដោយក្រុមថតរូបរបស់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញពីការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់សមត្ថកិច្ច ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក្នុងគោលដៅរេរាំងជំងឺរាតត្បាតនេះ ចេញឆ្ងាយពីប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល ពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ក្នុងរូបភាពទាំងនេះ អំឡុងពេលបំពេញភារកិច្ចជូនជាតិ និងប្រជាជន គេសង្កេតឃើញមានសមត្ថកិច្ចអង្គុយផង និងឈរផង មិនថាកណ្តាលភ្លៀង ឬគ្មានភ្លៀង និងមិនថាយប់ ឬថ្ងៃ ក៏ពួកគេមិនរុញរាឡើយ។ រូបភាពគួរឲ្យអាណិត គឺពួកគាត់ទទួលទានអាហារ បានគ្រប់កាលៈទេសៈ មិនថាកំពុងឈរ ឬអង្គុយនៅលើចិញ្ចើមផ្លូវនោះឡើយ។
សូមជម្រាបថា កម្ពុជាកម្ពុជាជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ មូលហេតុនេះ ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទី ឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕
សូមទស្សនា រូបភាពបង្ហាញពីការលះបង់កម្លាំងកាយ និងចិត្តរបស់សមត្ថកិច្ចខាងក្រោម៖