(ភ្នំពេញ)៖ អាជ្ញាធរបានសម្រេចបិទផ្សារអូឡាំពិក បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា មានអាជីវករឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចរបស់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
សេចក្ដីសម្រេចនោះបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះមុខរដ្ឋបាលខណ្ឌបឹងកេងកង សូមផ្អាកដំណើរការជាបណ្ដោះអាសន្ននូវមូលដ្ឋានផ្សារអូឡាំពិក សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ»។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនអាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថា ឆ្លងជំងឺកូវីដ១៩ សូមទៅពិនិត្យសំណាកជាបន្ទាន់នៅបរិវេនសាលមហោស្របចេនឡា ព្រមទាំងអនុវត្តវិធានការចត្តាឡីស័កតាមការណែនាំ។
គួរជម្រាបថា រហូតមកដល់ពេលនេះ ផ្សារតូច ធំជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបិទបណ្ដោះអាសន្នជាបន្ដបន្ទាប់ ក្រោយពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសអាជីវករនៅក្នុងផ្សារតែម្ដង៕