(សៀមរាប)៖ ប្រតិភូចិនដឹកនាំដោយលោក Xu Yang អគ្គនាយករង នៃរាជបណ្ឌិតសភាចិន សម្រាប់បេតិកភណ្ឌវប្បធម៌ នាពេលថ្មីៗនេះ បានចុះពិនិត្យមើលប្រាសាទបេងមាលា អមដំណើរដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដើម្បីប្រមូលព័ត៌មាន និងលទ្ធភាពដែលអាចឈាន ទៅរកការជួសជុលស្តារឡើងវិញ នាពេលអនាគត។
ដំណើរទស្សនកិច្ចនេះដែរ ធ្វើឡើងបន្ទាប់ពីស្ថាប័នរដ្ឋាភិបាលចិន សម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA បានជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Xu Yang កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លទៅ ស្តីពីគម្រោងបញ្ចប់ការជួសជុលប្រាសាទតាកែវ និងសិក្សាគម្រោង ជួសជុលប្រាសាទមួយចំនួនទៀតនៅតំបន់អង្គរ។
ម្យ៉ាងទៀត កាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងជំនួបជាមួយ លោក Li Xiaojie អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានស្នើរដ្ឋាភិបាលចិន ជួយជួសជុលសង្គ្រោះប្រាសាទបេងមាលាផងដែរ។
លោក ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានពន្យល់ក្រុមប្រតិភូចិនលម្អិត អំពីប្រវត្តិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងគោលការណ៍គ្រប់គ្រង នៃប្រាសាទបេងមាលា ដែលមានលំនាំដូចគ្នា នឹងការគ្រប់គ្រងប្រាសាទ ក្នុងតំបន់អង្គរដែរ។
លោកបញ្ជាក់ថា «បើទោះជាប្រាសាទបេងមាលា មិនស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ ក៏វិសាលភាពនៃ អាណាចក្រអង្គរ បានលាតសន្ធឹងដល់ប្រាសាទបេងមាលា ក្រុមប្រាសាទកោះកេរ និងប្រាសាទជាច្រើនទៀត។ ម្យ៉ាងទៀត ទោះជាប្រាសាទបេងមាលា ស្ថិតនៅក្រៅតំបន់រមណីយដ្ឋានអង្គរក៏ដោយ ក៏ប្រាសាទទាំងនេះស្ថិតក្រោមសមត្ថកិច្ច នៃអាជ្ញាធរជាតិអប្សរា និងមានគោលការគ្រប់គ្រងដូចគ្នានឹងប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរដែរ»។
ក្រោយដំណើរទស្សនកិច្ចនេះ លោក Xu Yang បញ្ជាក់ថា ក្រុមការងារលោកនឹងរៀបចំរបាយការណ៍លម្អិតអំពីប្រាសាទ បេងលាមានេះ ជូនក្រសួងវប្បធម៌របស់ចិន ដើម្បីពិនិត្យអំពីលទ្ធភាព នៃការជួសជុលប្រាសាទនេះ។
សូមបញ្ជាក់ថាស្ថាប័ន CSA នៃសាធារណរដ្ឋមានិតចិន បានចូលរួមជួសជុលប្រាសាទចៅសាយទេវតា ក្នុងឆ្នាំ១៩៩៨ និងរួចរាល់នៅឆ្នាំ២០០៨ ហើយចាប់ផ្តើមជួសជុលប្រាសាតាកែវក្នុងឆ្នាំ២០០៧ ហើយគ្រោងនឹងបញ្ចប់នឹងនៅចុងឆ្នាំ២០១៧ខាងមុខ៕
" width="730" />