(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២១ ខែមេសានេះ បានប្រកាសពីករណីស្លាប់ស្ត្រីជនជាតិខ្មែរចំនួន០២នាក់ អាយុ៥៤ឆ្នាំ និងអាយុ ៥៤ឆ្នាំ ដោយសារជំងឺកវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ពី៖
១៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៥៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣៖០០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ដង្ហក់ខ្លាំង។
ដោយការវិវត្តរបស់ជំងឺពីរមួយថ្ងៃទៅមួយថ្ងៃ កាន់តែធ្ងន់ធ្ងរឡើងៗ និងមានអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ដដែល វេលាម៉ោង ០០៖៤៥នាទីរំលងអាធ្រាត។
២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ៥៤ឆ្នាំ រស់នៅសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូលសម្រាក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយមានរោគសញ្ញាក្តៅខ្លួន ក្អក ហត់ខ្លាំង។
ពីរមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពរបស់អ្នកជំងឺចេះតែធ្ងន់ធ្ងរឡើងៗ អ្នកជំងឺមានអាការៈហត់ដង្ហក់ខ្លាំង ពិបាកដកដង្ហើម ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយរួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០៖០០នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរទាំងពីរខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕