Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ព្រមានកម្ទេចកូរ៉េខាងត្បូង និងអាមេរិក ដោយអាវុធនុយក្លេអ៊ែរ

07-03-2016 09:46

(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង បានប្រកាសនៅថ្ងៃចន្ទ នេះថា ខ្លួននឹងធ្វើការវាយប្រហារដោយប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ទៅលើសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ឲ្យបានមុនសម្ព័ន្ធមិត្តទាំងពីរនេះ ចាប់ផ្តើមសមយុទ្ធយោធារបស់ពួកគេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០១៦។

គណកម្មការការពារជាតិកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទ នេះថា «យោធា និង ប្រជាជនកូរ៉េខាងជើង នឹងធ្វើការវាយប្រហារ ដោយយោធាស្កាត់ទុកជាមុន ហើយយើងនឹងចាត់វិធានការគ្រប់បែប យ៉ាងដើម្បីបញ្ឈប់ការធ្វើសមយុទ្ធរវាងយោធា កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក។ ការឆ្លើយតបរបស់ កូរ៉េខាងជើង នឹងខ្លាំងក្លាដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានគ្រោងធ្វើសមយុទ្ធយោធារួមគ្នាក្នុងដែនទឹកកូរ៉េខាងត្បូង នៅថ្ងៃចន្ទ នេះ បន្ទាប់ពីទណ្ឌកម្មរបស់យូអិន បានដាក់ចេញកាលពីសប្តាហ៍មុន ប៉ុន្តែវាហាក់ដូចជាមិនបាន ធ្វើឲ្យកូរ៉េខាងជើងបន្ទន់ឥរិយាបទនោះឡើយ។ ដោយឡែកកូរ៉េខាងជើង បានហៅសមយុទ្ធដែលគ្រោងធ្វើឡើង នេះថា ជាការប៉ុនប៉ងរំលោភបូរណភាពទឹកដីរបស់ខ្លួនសុទ្ធសាធ៕