(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលបានអំណោយជាភេសជ្ជៈចំនួន ៣០០កេស ពីលោក គី សូដាវីដ អគ្គនាយកក្រុមហ៊ុន ស៊ីឡាយថ៍ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ជំងឺកូវីដ១៩ ដែលពិធីប្រគល់នេះធ្វេីឡេីងនៅទីបញ្ជារការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស។
លោក គី សូដាវីដ បានឱ្យដឹងថា ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាមើលឃើញពីភាពលំបាករបស់កងកម្លាំង ដែលបានឈរជើងប្រចាំការតាមគោលដៅនានា ក្នុងគោលបំណងដើម្បីរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ទើបលោកបានសម្រេចចិត្ត នាំយកភេសជ្ជៈ SAPPE និងភេសជ្ជៈ B'LUE ផ្តល់ជូនដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៣០០កេស ដើម្បីទុកទទួលទានពេលប្រចាំការ។
លោក គី សូដាវីដ បានបន្តថា ក្រុមហ៊ុន ស៊ីឡាយថ៍ តែងតែនាំយកអំណោយជាបន្តបន្តបន្ទាប់ប្រគល់ជូនដល់កងកម្លាំង ជាក់ស្តែងនៅថ្ងៃនេះក្រៅពីប្រគល់ភេសជ្ជៈជូនដល់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានប្រគល់ភេសជ្ជៈចំនួន១៥០កេស ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។ ជាមួយគ្នានោះក្រុមហ៊ុន ក៏តែងតែបាននាំយកភេសជ្ជៈ ប្រគល់ជូនដល់កងកម្លាំងនៅតាមគោលដៅប្រចាំការជាបន្តបន្ទាប់ផងដែរ។
តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានថ្លែងអំណរគុណដល់លោក គី សូដាវីដ អគ្គនាយកក្រុមហ៊ុន ស៊ីឡាយថ៍ ដែលបានចូលរួមបរិច្ចាគភេសជ្ជៈជូនដល់ កងរាជអាវុធហត្ថ ដែលនេះពិតជាបាន សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែក ទៅលើការជួយគ្នា ក្នុងគ្រាមានទុក្ខលំបាក ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕