(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ឱ្យបន្តអនុវត្តវិធានការបំរាមគោរចរនៅពេលយប់ និងផ្អាកការធ្វើអាជីវកម្មពេលយប់មួយចំនួន រយៈពេល ១៤ថ្ងៃបន្ថែមទៀត។
រដ្ឋបាលខេត្តសៀមរាប បានអះអាងក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២១ ខែមេសា នេះថា ការបន្តអនុវត្តវិធានការនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ វិធានការនេះ គឺបន្តអនុវត្តរហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែមេសា កន្លងទៅនេះ បានដាក់ចេញវិធានការបិទការធ្វើដំណើរពេលយប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ ចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ប៉ុន្តែដោយស្ថានភាពនៅពុំទាន់ធូរស្រាលនៅឡើយ ដូចនេះរដ្ឋបាលខេត្តបន្តអនុវត្តវិធានការនេះរយៈពេល១៤ថ្ងៃបន្ថែម គឺរហូតដល់ថ្ងៃទី០៧ ខែឧសភា ទើបមានការសម្រេចជាថ្មីទៀត។
សូមរំលឹកដែរថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប មានអ្នកកើតជំងឺកូវីដ១៩ ចំនួន ២០នាក់។ ក្នុងនោះព្យាបាលជាចំនួន ៨នាក់ និង ១២នាក់ទៀត កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕