(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក ក្នុងនោះយប់៨លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់៩នាក់ និងរបួសស្រាល៤នាក់ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន ៤គ្រឿង រថយន្តធុនធំចំនួន ៤គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែងគ្រោះថ្នាក់៣លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្តាំ១លើក និងបុកដែកបារ៉ាស់ផ្លូវ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៥នាក់ (យប់ ១១នាក់)។
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបានរកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៥២៩៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២៤៨៦គ្រឿង ពិន័យសរុប ២៨១០គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ១២៤៩នាក់ ៕