(សៀមរាប)៖ លោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានដឹកនាំអនុប្រធាន និងប្រធានគណៈកម្មការ យកសម្ភារ:មួយចំនួនសម្រាប់មន្ត្រីនគរបាលប្រើប្រាស់ពេលប្រតិបត្តិការងារជូនស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ពិធីប្រគល់សម្ភារនេះបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។
ការចែកជូនសម្ភារចាំបាច់មួយចំនួននៅពេលនេះ គឺដើម្បីបរិច្ចាគជូនកងកម្លាំង សម្រាប់ប្រតិបត្តិការផ្សេងៗឲ្យកាន់តែឆាប់រហ័ស និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។ សម្ភារៈដែលត្រូវបានបរិច្ចាគជូនស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រួមមាន៖ ម៉ូតូម៉ាក អ៉ឹមស្មាស់ ចំនួន ២គ្រឿង, ស្រោមដៃស្បែកថៃចំនួន ៣០គូ, ស្រោមជង្គង់ថៃចំនួន ៣០គូ, ស្រោមកែងដៃថៃចំនួន ៣០គូ, ខ្សែក្រវាត់សាំងទែរ៉ុងថៃ ចំនួន៣០ និងខ្សែពាក់ឈាងថៃ ចំនួន៣០។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោស្នងការ បានប្រគល់លិខិតថ្លែងអំណរគុណ និងបានកោតសរសើរដល់នូវទឹកចិត្តដ៏ថ្លៃថ្លារបស់សមាជិក សមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ដែលបានចូលរួមចំណែកចំពោះកង្វះខាតរបស់កងកម្លាំងនគរបាលខេត្តសៀមរាបទាំងមូល តាមយៈការឧបត្ថម្ភសម្ភារជាច្រើនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងគោលបំណងសាមគ្គីគ្នា ថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឲ្យបាននូវរាល់រូបភាពអសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ។
លោកស្នងការបានបន្ថែមថា សម្ភារទាំងនេះ គឺប្រើប្រាស់សម្រាប់ជាមធ្យោបាយក្នុងការបំពេញប្រតិបត្តិការការងារ អន្តរាគមន៍បានទាន់ពេលវេលា ចំពោះរាល់គ្រប់សភាពការណ៍ ដែលបានកើតឡើងជាក់ស្ដែងនៅមូលដ្ឋាន។ ជាងនេះទៅទៀតនោះ គឺការប្រតិបត្តិការថែទាំសុខភាពឱ្យបានល្អ និងចូលរួមផ្សព្វផ្សាយវិធានការកូវីដ-១៩ ឱ្យបានដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងបម្រើជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
លោក ថោង ប៊ុនថារី ប្រធានសមាគម បានលើកឡើងថា នៅក្នុងកំឡុងពេលកូវីដ១៩ នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានរៀបចំសកម្មភាពសប្បុរសធម៌ជាច្រើនដល់អ្នកដែលជាប់ពាក់ព័ន្ធជាមួយជំងឺកូវីដ១៩ រួមមាន ការឧបត្ថម្ភ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់អ្នកជាប់ចត្តាឡីស័ក តាមរយៈរដ្ឋបាលខេត្តសៀមរាប និងសាលាស្រុកពួក។ ក្រៅពីនេះសមាគមបានឧបត្ថម្ភសម្ភារប្រើប្រាស់នៃយុទ្ធនាការដល់ស្នងការស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងការឧបត្ថម្ភនំបុ័ងចំនួន ៦០០ដើម ដែលគិតជាទឹកប្រាក់ស្មើនឹង ៦០០ដុល្លារ ដល់គ្រួសារក្រីក្រចំនួន ១០០គ្រួសារ ក្នុងសង្កាត់ទាំង៣ នៃខេត្តសៀមរាប ដែលត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។
លោកប្រធាន បានអំពាវនាវដល់សប្បុរសជនដែលមានចិត្តសប្បុរសទាំងអស់ បន្តចែករំលែកក្តីអាណិត ស្រលាញ់ និងជួយសង្គ្រោះដល់បងប្អូនយើងដែលកំពុងរងទុក្ខលំបាក ខ្វះស្បៀងនាពេលនេះ ក្នុងនាមជាជនរួមជាតិខ្មែរតែមួយ បេះដូងខ្មែរ។ លើសពីនេះទៅទៀតសមាគម សូមលើកទឹកចិត្តដល់បងប្អូនទាំងអស់ចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាល និងចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីកែប្រែស្ថានភាពនេះឱ្យមានភាពល្អប្រសើរឡើងវិញ៕